(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រគល់ប័ណ្ណសរសើរជូនប្រជាពលរដ្ឋគំរូចំនួន៧គ្រួសារ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានសាងសង់ផ្ទះខ្មែរបានត្រឹមត្រូវស្របតាមប្លង់ស្ថាបត្យកម្ម របស់អាជ្ញាធរជាតិអប្សរា។
ពិធីប្រគល់-ទទួលប័ណ្ណសរសើរនេះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ក្រោមវត្តមានលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រីផងដែរ។
លោក យិត ចាន់ដារដ្ឋ បានលើកឡើងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺអាជ្ញាធរជាតិអប្សរាកំពុងប្រឹងប្រែងលើកតម្លៃផ្ទះបែបខ្មែរដែលជាសម្បត្តិបេតិកភណ្ឌរូបី និងបានចូលរួមបង្ហាញតម្លៃវប្បធម៌ដល់ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងមនុស្សជំនាន់ក្រោយឱ្យបានដឹងពីកេរដំណែលរបស់ដូនតាខ្មែរ។
លោកបានបន្ថែមទៀតថា រមណីយដ្ឋានអង្គរ គឺជាតំបន់វប្បធម៌នៃអត្តសញ្ញាណរបស់ជាតិខ្មែរ ដូច្នេះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងតំបន់នេះត្រូវចូលរួមថែរក្សាលើកតម្លៃវប្បធម៌របស់បុព្វបុរស ដែលជាបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។
ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានសម្តែងអារម្មណ៍ត្រេកអរ ដោយមិននឹកស្មានថាផ្ទះរបស់ពួកគាត់ត្រូវបានអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកបន្ទាយស្រីចាត់ទុកជាផ្ទះគំរូ ហើយទទួលបានប័ណ្ណសរសើរថែមទៀតឡេីយ។
ទោះយ៉ាងណា ពួកគាត់ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកបន្ទាយស្រី ដែលបានប្រគល់ប័ណ្ណសរសើរដល់ពួកគាត់នាពេលនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ ប្រសិនបើមានគម្រោងសង់ផ្ទះគួរតែទៅដាក់ពាក្យស្នើសុំសាងសង់ និងសង់ផ្ទះតាមគំរូផ្ទះខ្មែរស្របតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ដែរថា នាពេលឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាមានគម្រោងប្រគល់ប័ណ្ណសរសើរដដែលនេះ ជូនដល់ប្រជាពលរដ្ឋបន្ថែមទៀតក្នុងឧទ្យានអង្គរនៅស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ដែលបានសាងសង់ផ្ទះខ្មែរបានត្រឹមត្រូវស្របតាមប្លង់ស្ថាបត្យកម្មរបស់អាជ្ញាធរជាតិអប្សរា៕