(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យនិងរៀបចំការតម្លើងតង់ ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ដើម្បីត្រៀមទទួលបងប្អូនពលករដែលវិលមកពីប្រទេសថៃ។
លោក ប៉ែន កុសល្យ បានថ្លែងថា សម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តនេះ យើងបាននិងកំពុងរៀបចំតម្លើងតង់ចំនួន១០០តង់ និងបង្គន់អនាម័យចំនួន៣៣ ព្រមទាំងបានរៀបចំប្រព័ន្ធទឹក ភ្លើងសម្រាប់សម្រួលដល់ការមកស្នាក់នៅ ធ្វើចត្តាឡីស័ករបស់បងប្អូនពលករយើង។
បន្ទាប់ពីចុះពិនិត្យ និងរៀបចំតម្លើងតង់រួចហើយ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់។
លោកបានលើកឡើងថា «ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ជូនបងប្អូនពលករផងដែរ»។
លោក ប៉ែន កុសល្យ បានអំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។ លោកបន្តថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ»។
សូមបញ្ជាក់ថា គិតត្រឹមម៉ៅង១០ និង៣០នាទីព្រឹកថ្ងៃនេះបងប្អូនពលករ ចំណាកស្រុកមកពីប្រទេសថៃ មានចំនួន១៣០នាក់ ខណៈដែលពលករកំពុងធ្វើចត្តាឡីស័កមាន២,៧៨០ នាក់ ដែលកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័ក១៩ មណ្ឌល ទូទាំងខេត្តឧត្ដរមានជ័យ៕