(កាត្មាន់ឌូ)៖ យន្តហោះដឹកមនុស្ស ២៣នាក់ របស់អាកាសចរណ៍ក្នុងស្រុកនេប៉ាល់ ដែលបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅព្រឹកថ្ងៃពុធ នេះទំនងជាបានធ្លាក់នៅក្នុងស្រុក មីយ៉ាកឌី (Myagdi) នៃតំបន់ ដូឡាហ្គីរី (Dhaulagiri) ភាគកណ្តាលប្រទេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ប៉ូលិសនេប៉ាល់ បានរាយការណ៍ឲ្យដឹងទៀតថា យន្តហោះខ្នាតតូចរបស់អាកាសចរណ៍ តារា (Tara) ទំនងជាបាន ធ្លាក់បាត់ទៅហើយ ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់ រ៉ូបស៍ (Rupse) របស់ស្រុក មីយ៉ាកឌី ដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រពីរដ្ឋធានីកាត្មាន់ឌូ (Kathmandu) នោះ បានរាយការណ៍ពីករណីអគ្គីភ័យ ដែលកំពុងឆាបឆេះ នៅក្នុងព្រៃមួយតំបន់នោះ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានតំណាក់កាលដំបូងប៉ុណ្ណោះ ព្រោះតំបន់ដែលកើតមាន ភ្លើងឆេះព្រៃមួយដុំនោះ ក៏ស្ថិតនៅតាមបណ្តោយផ្លូវដែលយន្តហោះធ្វើដំណើរផងដែរ។ គួរបញ្ជាក់ថា នៅលើយន្តហោះនោះ មានមនុស្ស ជិះសរុប ២៣នាក់ ក្នុងនោះ បីនាក់ជាពីឡុត និងអ្នកបម្រើការងារ, ជនជាតិចិនម្នាក់, អាមេរិកម្នាក់, និង ១៨នាក់ទៀតជាជនជាតិនេប៉ាល់៕