(ភ្នំពេញ)៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៩៩៨គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧៤២គ្រឿង និងរថយន្ត ២៥៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, រយៈពេល៣៥ថ្ងៃ ក្នុងឆ្នាំ២០២១ ពោលគឺថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៣,១៥៦គ្រឿង ក្នុងនោះមានម៉ូតូ ២៤,៥៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨,៦០៤គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ទូរស័ព្ទដៃ បត់ជែងនិងស្រវឹងជាដើម។ ដោយឡែកបទល្មើស សម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះស្លាប់ ០នាក់ របួស ១៦នាក់ (របួសធ្ងន់ ១០នាក់)។ ដោយឡែក រយៈពេល ៣៥ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣១៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៧៤នាក់ របួស ៤១៤នាក់ (របួសធ្ងន់ ២៦១នាក់)៕