(កែប)៖ លោក សួង ម៉េងឡុង រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មកដល់ថ្ងៃនេះ ជនមានពិការភាព ៩១៨៣នាក់ ក្នុងនោះស្រ្តីចំនួន៤២៣៤នាក់ បានកំណត់អត្តសញ្ញាណក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីទទួលបានប័ណ្ណសំគាល់ពិការភាព ដោយចាប់ផ្តើមជុំទី១ នៅខេត្តចំនួន ៨ខេត្ត រួមមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងជុំទី២ មានចំនួន១៧ខេត្តរួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហា ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោក សួង ម៉េងឡុង បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានីខេត្តស្តីពីការការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានសម្រាប់ រាជធានីភ្នំពេញ និងខេត្តកែប នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសាលារាជធានីភ្នំពេញ សាលាខេត្តកែប តំណាងក្រុង ស្រុក ខណ្ឌនៃរាជធានីភ្នំពេញនិងខេត្តកែប និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា ហើយនាថ្ងៃដ៏ដែលនេះផងដែរក៏មាន វគ្គបណ្តុះបណ្តាលមួយផ្សេងទៀត បាននឹងកំពុងរៀបចំនៅសាលាខេត្តពោធិ៍សាត់ដល់មន្រ្តីនៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
លោកបានបញ្ជាក់បន្ថែមទៀតថា តាមរយៈនីតិវិធីនៃការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលអនុវត្តតាមប្រព័ន្ធឌីជីថលយើងអាចជួយ ជនមានពិការភាពឲ្យទទួលបានប័ណ្ណសំគាល់ពិការភាព សម្រាប់ប្រើប្រាស់តាមតម្រូវការនៃសេវានានាជាសាធារណៈ ឬឯកជនដែលបានបង្ហាញយ៉ាងច្បាស់នូវសារប្រយោជន៍នៃកម្មវិធីអត្តសញ្ញាណពិការភាព។
លោកបន្តថា ក្នុងនោះមានដូចជា ការជួយសម្រួលដល់ការទទួលបានការគាំទ្រផ្នែកសេវាគាំពារសង្គមនិងជំនួយសង្គម អាទិភាព ការងារក្នុងស្ថាប័នរដ្ឋនិងឯកជន ការធ្វើដំណើដោយប្រើមធ្យោបាយសាធារណៈ សម្រួលក្នុងការចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៅគ្រប់កម្រិតសិក្សា ការចូលទស្សនាទីកន្លែងកម្បាន្ត ការសម្រួលក្នុងការទទួលបានសេវាសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការលើកទឹកចិត្តផ្នែកពន្ធដារស្របតាមច្បាប់ជាធរមានការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរនិងការងារប្រកបដោយបរិយាបន្ន សកម្មភាពសិល្បៈ និងកីឡាជនមានពិការភាព។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្តន៍កម្មវិធីនេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យជនមានពិការភាព នៅទូទាំងប្រទេស ការផ្តល់សេវាដល់ជនមានពិកការភាពកាន់តែប្រសើដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជនមានពិការភាពក្រីក្រ កាន់តែងាយស្រួល និងមានប្រសិទ្ធិភាព ដែលជាការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ សម្រាប់ជនមានពិការភាព។
លោក ក៏បានផ្តាំផ្ញើរសូមឲ្យសិក្ខាកាមប្រឹងប្រែងខិតខំទទួលយកចំណេះដឹង ដែលគ្រូឧទ្ទេសថ្នាក់ជាតិបានបំពាក់បំប៉ន អំពីនីតិវិធីអនុវត្តផ្ទាល់ជូននាពេលនេះ និងខិតខំរំលឹកឡើងវិញជាប្រចាំ៕