(កំពង់ចាម)៖ នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានជាង៨តោន។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណីនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្សនោះ គឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។ នេះជាការបញ្ជាក់បន្ថែមរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណីនី។
បើតាមនាយឧត្តមសេនីយ៍ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បើគិតជាទម្ងន់យើងស្រង់បានជាង៨តោនហើយ នេះជាគ្រាប់ដែលយកពីក្លូបទី១ទេ នាវាម៉ារីននេះ មានរហូតដល់៥ក្លូប អញ្ចឹងទើបយកក្លូបទី១ យកអត់ទាន់អស់ផង អញ្ចឹងទំហំគ្រាប់ដែលនៅក្នុងនាវានេះ មានប្រមាណជា៤០ ទៅ ៥០តោន អីឡូវយកទើបយកបានប៉ុណ្ណឹងទេ»។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញ កម្លាំងជំនាញបានព័ន្ធទីតាំងសុវត្ថិភាពដោយបោះពោងព័ទ្ធជុំវិញប្រមាណ ១,២០០ម៉ែត្រ និងទទឹងប្រមាណ ១,០០០ម៉ែត្រ។ ដូច្នេះ កម្លាំងជំនាញបានប្រើប្រាស់ជាជំហានៗ ទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជាចម្បង សម្រាប់ប្រតិបត្តិការនេះកម្លាំងជំនាញ បានបែងចែកគ្នាជាពីរវេន។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា «ក្រោយសម្តេចក្រហោម ស ខេង ចុះត្រួតពិនិត្យគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះរួច កម្លាំងជំនាញនឹងធ្វើការកម្ទេចគ្រាប់នេះជាជំហានៗ គឺមិនត្រូវទុកចោលយូរនោះទេ […] អ្វីដែលជាឧសគ្គនោះ គឺនៅផ្នែកក្លូបទី២ ដោយសារតែក្លូបទី២នេះ បានបិទជិត ដូច្នេះ កម្លាំងជំនាញត្រូវការពេលវេលា ដើម្បីកាត់ដែកចេញ ខ្ញុំគិតថាត្រូវចំណាយពេល២ ទៅ ៣ខែទៀតទើបចប់»។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (NPMEC) បានឱ្យដឹងថា កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺកម្លាំងជំនាញរបស់លោកបានចាប់ផ្តើមឡើងតាមពីកំលុងដើមខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះ ទឹកជំនន់ ទើបធ្វើឱ្យកិច្ចប្រតិបត្តិការនេះ បានផ្អាក់ជាង ៣សប្តាហ៍។ ចំពោះប្រតិបត្តិការនេះកម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវា និងជុំវិញនាវា ក្នុងកំលុងដើមខែធ្នូ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្តថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាឱ្យកងកម្លាំងរបស់មជ្ឈមណ្ឌលជាតិចុះមកសិក្សាស្រាវជ្រាវ នៅក្នុងតំបន់ខាងលើនេះ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រតិបត្តិការរបស់យើងនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣,៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨,១០០គីឡូក្រាម ហើយពេលបច្ចុប្បន្ននេះ កម្លាំងជំនាញទើបនឹងចូលមកដល់ក្លូបទី១ នៃតួនាវា ប៉ុន្តែ នាវានេះជាប្រភេទនាវាធំ ដឹកសម្ភារសឹកធំ មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ ដូច្នេះ ក្នុងមួយក្លូបផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន»។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់ក្នុងរង្វង់ប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្លាំងជំនាញរបស់លោកបានប្រមូលគ្រាប់យុទ្ធភណ្ឌប្រមាណ២៥ភាគរយ ដូច្នេះ ក្នុងនាមជាមេបញ្ជាការដឹកនាំបេសកម្មនេះនឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារនេះបន្ថែមទៀត។ ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ បេសកកម្មរុករក និងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕