(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគលើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរ៉ែមាស ជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន)។
មន្ត្រីជាន់ខ្ពសក្រសួងរ៉ែ បានសម្តែងនូវក្តីសាទរចំពោះដំណឹងនេះ ដែលជាក្រុមហ៊ុនដំបូង អាចធ្វើផលិតកម្មរ៉ែមាស នៅកម្ពុជា។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅត្រីមាសទី២ ក្នុងឆ្នាំ២០២១។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានថ្លែងថា ការប្រកាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការចាប់ផ្ដើមផលិតកម្មរ៉ែមាស ជាលើកដំបូងរបស់ខ្លួន នៅត្រីមាសទី២ក្នុងឆ្នាំនេះ ពិតជារឿងត្រឹមត្រូវ។
លោកអះអាងថា «ការធ្វើផលិតកម្មរ៉ែមាសនេះ វានឹងជួយផ្ដល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ និងមានចំណូលបន្ថែមមួយផ្នែក សម្រាប់អភិវឌ្ឍន៍ប្រទេស»។
លោក យស មុនីរ៉ាត់ បន្ដថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោនក្នុងមួយឆ្នាំ។
លោកថ្លែងយ៉ាងដូច្នេះថា «ការប្រកាសរបស់ក្រុមហ៊ុន ពិតជាត្រឹមត្រូវ គេទទួលបានអាជ្ញាបណ្ណ និងគោពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ យើងគិតថា ក្រុមហ៊ុននេះជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសបាន។ បើតាមផែនការរបស់ក្រុមហ៊ុន ផែនការផលិតប្រហែលជា១០០ពាន់អោន ក្នុងមួយឆ្នាំ»។
លោក យស មុនីរ៉ាត់ ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងតែធ្វើអាជីវកម្មរុករករ៉ែមាស ដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ដោយក្នុងនោះ មានក្រុមហ៊ុន ខ្មែរ ចិន អូស្ដ្រាលី កាណាដា -ល-៕