(កំពង់ស្ពឺ)៖ ថ្មីៗនេះមានករណីវិវាទពាក់ព័ន្ធទៅនឹងករណីទិញ លក់ដីធ្លីមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ស្ពឺ ដោយសារតែបុគ្គលម្នាក់បានយកដីបំរ៉ុងទុករបស់រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ទៅលក់អោយគេយកលុយកក់ហើយ ពេលរត់ការកាត់ ឈ្មោះធ្វើបណ្ណកម្មសិទ្ធិមិនបាន មិនព្រមអោយលុយកក់ទៅអ្នកទិញវិញ បង្កអោយមានការប្ដឹងផ្ដល់ទៅតុលាការ។
នៅព្រឹកថ្ងៃ០២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ ទទួលបានព័ត៌មានរួមទាំងឯកសារពីជនរងគ្រោះជាអ្នកទិញដីឈ្មោះ ម៉ី តឹង និងប្រពន្ធឈ្មោះ ទេព បូផ្ផា មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមមានលិខិតលក់ផ្តាច់ចំនួន៤ក្បាលដី ដែលមានទំហំប្រមាណជិត៥ហិកតាស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមជាមួយពាក្យបណ្ដឹង និងសារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
យោងតាមពាក្យបណ្ដឹង និងការរៀបរាប់របស់អ្នកទិញដីបានអោយដឹងថា កន្លងមកខ្លួនបានទិញដីខាងលើនេះពីឈ្មោះ គួង ពេញហុង មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ១២ម៉ឺនដុល្លារ ដោយខ្លួនបានកក់លុយចំនួន៥ម៉ឺនដុល្លារ ហើយនៅសល់៧ម៉ឺនដុល្លារទៀត នឹងប្រគល់អោយអ្នកលក់គ្រប់នៅពេលណា ដែលអ្នកលក់រត់ឯកសារកាត់ឈ្មោះផ្ទេរកម្មសិទ្ធិរួចរាល់ តែក្រោយពីប្រគល់លុយកក់រួចមកស្រាប់តែដីនោះមិនអាច ធ្វើបណ្ណកម្មសិទ្ធិបាន ព្រោះជាដីជាប់ពាក់ព័ន្ធនឹងដីបំរ៉ុងទុករបស់រដ្ឋ។
ក្រោយមិនអាចធ្វើប្លង់បានខ្លួនក៏ទាមទារយកលុយកក់វិញ តែភាគីអ្នកលក់មិនព្រមប្រគល់អោយវិញនោះទេ ហើយថែមទាំងគំរាមប្ដឹងភាគីអ្នកទិញពីបទបរិហាកេរ្ត៏រឿងចោទថា យកដីរដ្ឋមកលក់ថែមទៀតផងដោយគេនៅតែអះអាងថា ដីខាងលើជាដីស្របច្បាប់របស់គេមិនពាក់ព័ន្ធយកដីរដ្ឋលក់ឡើយ។
ក្រោយពីទទួលបានការគំរាមប្តឹង ភាគីអ្នកទិញ បានសំរេចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ស្ពឺ និងបានធ្វើពាក្យសុំអន្តរាគមន៍ទៅ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បន្ទាប់មកដោយមានការចង្អុលបង្ហាញពីលោកអភិបាលខេត្ត ក្រុមការងារបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងដី ហើយរកឃើញថាដីដែលលោក គួង ពេញហុង បានលក់ទៅឲ្យឈ្មោះ ម៉ី តឹង និងប្រពន្ធឈ្មោះ ទេព បុផ្ផា ពិតជាដីបម្រុងទុករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ពិតប្រាកដមែន។ មន្ត្រីដែលចុះពិនិត្យទីតាំងដីម្នាក់ៗស្រង៉ាកចិត្ត មិនសមលោក គួង ពេញហុង យកដីរដ្ឋទៅលក់ឲ្យប្រជាជនដោយបោកប្រាស់លុយកក់រាប់ម៉ឺនបែបនេះសោះ។
បច្ចុប្បន្នភាគីអ្នកទិញបានសំណូមពរ សូមអោយតុលាការជួយពន្លឿនសំណុំរឿងខាងលើនេះ អោយបានលឿនផង ព្រោះលុយដែលខ្លួនយកទៅកក់ទិញដីប៉ះដីបំរ៉ុងទុករបស់រដ្ឋខាងលើនេះ សុទ្ធតែជាលុយខ្ចីចងការគេតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីបណ្ដឹងចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីភាគីអ្នកអ្នកលក់ គឺលោក គួង ពេញហុង បានឡើយ៕