(កំពង់ស្ពឺ)៖ យោងតាមលិខិតចំនួន៣ច្បាប់ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ មេធាវី លីម ច័ន្ទលីដា តំណាងស្ត្រីរងគ្រោះដោយសារយោធាផ្កាយ២ សូយ ចាន់សឿន ប្រើអំពើហិង្សា និងគម្រាមសម្លាប់ បានប្ដឹងចូលក្រសួងចំនួន៣ដើម្បីស្នើរសុំអន្តរាគមន៍ពន្លឿននីតិវិធី និងផ្ដល់ភាពយុត្តិធម៍ជូនជនរងគ្រោះ។ ក្រសួងទាំង៣ដែលមេធាវីស្ត្រូរងគ្រោះប្ដឹងចូលរួមមាន៖ ក្រសួងយុត្តិធម៍, ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី។
សូមជំរាបជូនថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅជនសង្ស័យឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និង មានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ អោយចូលបំភ្លឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និង បង្ខាំងមនុស្សដោយខុសច្បាប់» ។
រីឯបក្សពួកម្នាក់ទៀតឈ្មោះ ស្រី សម្បត្តិ ភេទប្រុស មានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឈន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ក៍ត្រូវបានតុលាការចេញដីកាកោះហៅអោយចូលបំភ្លឺ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះផងដែរ។
ដីកាកោះហៅនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ក្រោយស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស បានពាក្យបណ្ដឹងចូលនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ រីឯដីកាកោះហៅលោកស្រី សម្បត្តិ បានចេញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
យោងតាមពាក្យបណ្ដឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ មានខ្លឹមសារថា «កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាងខ្ញុំមិនអោយខ្ញុំស្រែក និងគម្រាមបាញ់បំបាក់ជើងនិងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះស្រីសម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ នៃអគ្គបញ្ជាការក្រសួងការពារជាតិ រហូតដល់ម៉ោង ៧ យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ»។
ខាងក្រោមនេះជាពាក្យបណ្តឹងរបស់មេធាវីតំណាងស្ត្រីរងគ្រោះប្ដឹងចូលក្រសួងយុត្តិធម៍, ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី៖