Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ឹម ឈុនលឹម និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បរិច្ចាគប្រាក់បៀវត្ស ១០៨លានរៀល ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

04-02-2021 16:06

(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ៨អង្គ/រូបផ្សេងទៀត បានសម្រេចបរិច្ចាគប្រាក់បៀវត្សរយៈពេល ៦ខែ សរុបស្មើនឹង ១០៨លានរៀល ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក សមាជិកនេះ បង្ហាញឱ្យឃើញនូវស្មារតីរួមសាមគ្គី និងរំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានប្រកាសកាត់ប្រាក់បៀវរត្សប្រចាំខែរបស់សម្តេចរយៈពេល ៧ខែ ស្មើនឹងជិត ៦៤លានរៀលទៀត ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្រោយការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន មានថ្នាក់ក្រសួងស្ថាប័នជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានចូលរួមចែករំលែកប្រាក់បៀវត្សជាមួយក្រសួងសុខាភិបាល ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕