Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបទ្វេភាគីរដ្ឋមន្ត្រី ក្រសួងសុខាភិបាលកម្ពុជា-ថៃ ផ្តោតលើ៤ចំណុចធំៗ ពង្រឹង និងពង្រីកសមត្ថភាព លើវិស័យសុខាភិបាល

24-02-2016 13:31

(ភ្នំពេញ)៖ រដ្ឋម​ន្ត្រីក្រសួងសុខាភិបាលកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជំនួបពិភាក្សាការងារទ្វេភាគី ដែលផ្ដោតលើ៤ចំនុចសំខាន់ៗ ដើមី្បពង្រឹង និងពង្រីកសមត្ថភាព គុណភាព លើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ កាន់តែជិតស្និទបន្ថែមទៀត ពិសេសសហការគ្នាលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។

ក្នុងកិច្ចជំនួបពិភាក្សា ដែលបានធ្វើឡើងនៅ ទីស្ដីការក្រសួងសុខាភិបាលនេះ មានការអញ្ជើញចូលរួមផ្ទាល់ ដោយរដ្ឋមន្ដ្រីក្រសួង សុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Piyasakol Sakolsatayadorn និង រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា រួមទាំងមន្ដ្រីជាច្រើនរូបផ្សេងទៀត។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា លោកសូមសំដែងការគួរសម និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការឡើងកាន់តំណែង របស់លោករដ្ឋមន្ដ្រី Piyasakol Sakolsatayadorn និងបន្ដពិភាក្សាលើវិស័យសុខភាពសាធារណៈ ដើម្បីធ្វើយ៉ាងណា ពង្រឹងសមត្ថភាពរបស់មន្ដ្រីសុខាភិបាល ក៏ដូចជាពិចារណារួមគ្នា ក្នុងការគ្រប់គ្រងនូវប្រព័ន្ធជំងឺផ្សេងៗនៅតាមខេត្ដ ដែលជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

លោកបន្ដថា «ក្នុងកិច្ចពិភាក្សាថ្ងៃនេះ ភាគីទាំងពីរ បានផ្ដោតទៅលើចំនុចសំខាន់ៗចំនួនបួន គឺទី១-បន្ដកិច្ចសហប្រតិបត្ដិការលើប្រព័ន្ធ តាមដានជំងឺឆ្លង ពីព្រោះបច្ចុប្បន្ននេះ ការផ្ទុកនូវជំងឺឆ្លងថ្មីៗនេះ ដែលជាការព្រួយបារម្មណ៍នៃប្រទេសទាំងពីរហើយក៏ត្រូវតែចែករំលែក ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានលឿនជាទីបំផុត ដើម្បីចាត់វិធានការទប់ស្កាត់ ចម្លងជំងឺពីប្រទេសជិតខាង,ទី២-ពង្រឹងការបញ្ជូនអ្នកជំងឺទៅព្យាបាល នៃប្រទេសទាំងពីរទៅវិញទៅមក ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកជំងឺ,ទី៣- បង្កភាពងាយស្រួលកាន់តែប្រសើរឡើង ក្នុងវិស័យសុខាភិបាល  ពិសេសផ្ដោតទៅលើការយកចិត្ដទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋយើងទាំងពីរភាគី ជាមួយនឹងការកសាងនូវសមត្ថភាពមន្ដ្រីរបស់យើង នៅតាមមន្ទីរពេទ្យ និងទី៤-ដាក់ចេញនូវទិសដៅច្បាស់លាស់»។

លោករដ្ឋមន្ត្រីបន្ដទៀតថា ពិសេសទៅលើការកំចាត់ជំងឺគ្រុនចាញ់ និងសហការស្រាវជ្រាវ រកយុទ្ធសាស្រ្ដកំចាត់នូវភ្នាក់ងារ ចម្លងជំងឺគ្រុនចាញ់ ដែលមានមូសជាដើមនោះ ។

លោករដ្ឋមន្ដ្រីក្រសួង Piyasakol Sakolsatayadorn ក៏បានលើកឡើងផងដែរថា លោកនឹងផ្ដល់ការគាំទ្រ និងជួយបណ្ដុះបណ្ដាលមន្ដ្រី សុខាភិបាលកម្ពុជា ឲ្យបានកាន់ច្រើន ទៅលើផ្នែកជាច្រើន ដើម្បីពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពអ្នកជំងឺនិងសេវា សុខាភិបាល កាន់តែល្អប្រសើរ ។

ជាចុងក្រោយ ក្នុងកិច្ចជំនួបពិភាក្សារវាងប្រទេសទាំងពីរនេះ ក៏បានឯកភាពគ្នាក្នុងការបើកសិក្ខាសាលាពិគ្រោះ យោបល់ឲ្យបាន ស៊ីជម្រៅ ព្រោះដោយសារជាតម្រូវការចំាបាច់ ត្រូវចូលរួមចំណែកសហការគ្នាទៅវិញទៅមក ពិសេសខេត្ដនៅជាប់ព្រំដែន គឺខេត្ដកោះកុង, បន្ទាយមានជ័យ និងខេត្ដឧត្តរមានជ័យជាដើម ថាតើអ្វីទៅជាតម្រូវការចំាបាច់ដែលប្រទេសទាំងពីរនេះ ត្រូវជួយសហការគ្នាទៅវិញទៅមក នៅចន្លោះខែមីនា ឬ មេសា ឆ្នាំ ២០១៦ខាងមុខនេះ៕