(ភ្នំពេញ)៖ ក្រសួងនឹងរៀបចំ «កម្មវិធីបោះជំរុំ» លើកទី២ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់»។
កម្មវិធីនេះនឹងបើកទូលាយឱ្យមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បណ្តាញសហគមន៍ថ្នាក់តំបន់ និងប្រជាសហគមន៍មូលដ្ឋានដែលតាមការប៉ាន់ស្មាន នឹងមានអ្នកចូលរួមប្រមាណ ៣០០នាក់។
តាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅឆ្នាំ២០២១ នេះគឺជាលើកទី២ ហើយដែលក្រសួងបរិស្ថានបានដឹកនាំកម្មវិធីបោះជំរុំនេះ។ កម្មវិធីបោះជំរំនេះមានគោលបំណងទី១៖ សម្តែងនូវក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល, ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។
មន្ត្រីនាំពាក្យដ៏សកម្មរូបនេះ បានគូសបញ្ជាក់សាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា របស់មន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ កិច្ចខិតខំប្រឹងប្រែងលើការអនុវត្តច្បាប់ និងការអប់រំ ផ្សព្វផ្សាយបានធ្វើឱ្យកម្រិតបទល្មើសទ្រង់ទ្រាយធំលែងកើតមាន ហើយមន្ត្រីមានសមត្ថកិច្ចបន្តបង្ក្រាប និងទប់ស្កាត់បទល្មើសតូចៗ ដែលនៅកើតមានបន្ថែមទៀត។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន ១,៧២៨លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី។
សូមបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕