(ភ្នំពេញ)៖ តំណាងរាស្ត្រ ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហេតុដូចនេះសូមគោរពប្រណិប័តន៍ឲ្យបានគត់មត់។
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ បានបញ្ជាក់តាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ចូរយើងនាំគ្នាប្រណិប័តន៍ឲ្យបានគត់មត់ និងតោងយកឱវាទល្អៗនៃធម៌វិន័យ មកផ្សាភ្ជាប់ទៅនឹងការរស់នៅក្នុងសង្គម ដែលនោះនឹងនាំឲ្យយើងទទួលបាននូវសេចក្តីសុខ និងភាពចម្រុងចម្រើន»។
លោកបន្ថែមថា «ការមើលរំលង ឬបន្ទាបបន្ទាល់ធម៌វិន័យ មិនត្រឹមតែនាំឲ្យយើងវិនាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យមនុស្សនៅជុំវិញយើងអាប់ឱន ដោយសារទង្វើររបស់យើង»។
សូមជម្រាបថា ការថ្លែងសាររបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយឈ្មោះថា «ទុំទាវ២០២១» ដែលត្រូវបានគេដឹងថា មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់សខ្ចី អាជី និងអូមី និងក្រុមការងារនោះ បានរងការរិះគន់យ៉ាងចាស់ដៃ និងថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គម។ ការថ្កោលទោសនេះ ដោយមានការលើកឡើងថា ការសម្តែងរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ និងប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ។ ក្រុមអ្នកលេងហ្វេសបុក បានរិះគន់ថា សកម្មភាពនេះ គឺជាគំរូអាក្រក់មួយ ដល់សាធារណជន និងក្មេងៗជំនាន់ក្រោយ។
មហាជនដែលជាអ្នកលេងបណ្តាញសង្គម ពេលបានទស្សនារឿងខ្លីនេះ បានបញ្ចេញមតិជាបន្តបន្ទាប់ សំណូមពរឲ្យស្ថានប័ន ដែលមានសមត្ថកិច្ចលើរឿងនេះ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះតួអង្គទាំងនោះ ដែលមានចេតនាទុច្ចរិត ជាន់ឈ្លីតម្លៃអ្នកសិល្បៈ តម្លៃសាសនា និងតម្លៃអក្សរសិល្ប៍របស់ជាតិសាសន៍ខ្លួនឯង។
យោងតាមមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។ មាត្រានេះបានបញ្ញត្តិថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ថ្ងៃ ទៅ ៣ (បី)ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ៥០០.០០០ (ប្រាំសែន)រៀល អំពើស្លៀកដណ្តប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្តប់នូវស្បង់ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕