(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់សាធារណជនទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង «ពេញចិត្ត» ឬ «មិនពេញចិត្ត» ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលពួកគេធ្លាប់បានប្រើប្រាស់សេវាកម្ម។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ការសំណូមពរឲ្យចូលរួមវាយតម្លៃខាងលើ ធ្វើឡើងដោយយោងសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីលក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» និងសេចក្ដីជូនដំណឹងលេខ ០១០ សជណ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្របតាមឧបសម្ព័ន្ធ១នៃសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់លក្ខណវិនិច្ឆ័យទី៤ ស្ដីពី «កម្រិតភាពពេញចិត្តរបស់ភ្ញៀវទេសចរចំពោះលក្ខខណ្ឌសុវត្ថិភាពទេសចរណ៍នៅតាមគោលដៅក្រុង ខណ្ឌនីមួយៗ» តម្រូវឱ្យសាធារណៈជនទាំងអស់ចូលរួមវាយតម្លៃដល់ក្រុង ខណ្ឌ បេក្ខភាពទាំង៤១ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់សាធារណៈជនទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង «ពេញចិត្ត» ឬ «មិនពេញចិត្ត» ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលលោកអ្នកបានធ្លាប់បានប្រើប្រាស់សេវាកម្ម (បញ្ជាក់លោកអ្នកអាចវាយតម្លៃលើសពីមួយដង)។
សូមបញ្ជាក់ថា ការចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង «ពេញចិត្ត» ឬ «មិនពេញចិត្ត» លោកអ្នកអាចធ្វើតាមរយៈស្កេនកូដ (QR Code) ឬចុចតំណរ Link: http://cambodiacleancity.gov.kh/kh/tourismsafetymeasure ៕