(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក ហ្វាង ប៊ិញគ្វន់ (Hoang Binh Quan) ប្រធានគណៈទាក់ទងបរទេស បក្សកុម្មុយនីសវៀតណាម ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
តំណាងអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម លោក ហ្វាង ប៊ិញគ្វន់ បានជម្រាបជូនសម្តេច ពីលទ្ធផលមហាសន្និបាតលើកទី១២ បក្សកុម្មុយនីសវៀតណាម ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ដោយទទួលបានជោគជ័យយ៉ាងធំធេង។ លោកបានគូសបញ្ជាក់ថា មហាសន្និបាតបានកំណត់កម្មវិធីយុទ្ធសាស្រ្ត ក្នុងការដឹកនាំប្រទេសជាតិដើម្បីការពារស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។
លោកប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីសវៀតណាម បានលើកឡើងថាមហាសន្និបាតលើកទី១២ នៃបក្សកុម្មុយនីសវៀតណាម ដែលទើបបានបញ្ចប់នេះ មានលក្ខណៈខុស ប្លែកពីមហាសន្និបាតលើកមុនៗ។ ប្លែកត្រង់ថាមហាសន្និបាតនេះមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយមតិពលរដ្ឋត្រូវបានបញ្ចូលនៅក្នុងខ្លឹមសាររបស់មហាសន្និបាតទៀតផង។
លោក ហ្វាង ប៊ិញគ្វន់ បានគូសបញ្ជាក់ថាជាទិសដៅ បក្សកុម្មុយនីសវៀតណាម បានកំណត់ដឹកនាំប្រទេស តាមគោលការណ៍ «មាគ៌ាផ្លាស់ប្តូរថ្មី» ដែលនៅក្នុងនោះ រដ្ឋាភិបាលប្រទេសវៀតណាមនឹងខិតខំធ្វើឲ្យកំណើនសេដ្ឋកិច្ចមានក្នុងរង្វង់ពី ៥ទៅ៦% ជារៀងរាល់ឆ្នាំ ហើយចាប់ពីឆ្នាំ២០២០ទៅ នឹងធ្វើឲ្យប្រាក់ចំណូលមធ្យមប្រចំាឆ្នាំរបស់ប្រជាពលរដ្ឋមានពី៣ ២០០ ដល់ ៣ ៥០០ដុល្លារ។
សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះលទ្ធផលជោគជ័យដ៏ធំធេង នៃមហាសន្និបាតលើកទី១២ បក្សកុម្មុយនីសវៀតណាម។ សម្តេចបានចាត់ទុកលទ្ធផលមហាសន្និបាតនោះថា ជាត្រីវិស័យមួយ ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចបានសម្តែងក្តីរីករាយនិងអបអរសាទរចំពោះវឌ្ឍនៈភាព របស់ប្រទេសវៀតណាម ដែលមានជាលំដាប់៕