(កណ្តាល)៖ ស្ពានអ្នកលឿង ឬហៅស្ពានត្សឹបាសា ជាស្ពានឆ្លងកាត់ទន្លេមេគង្គ បានក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅកម្ពុជា ដោយចំណាយលើការសាងសង់អស់ជាង ១៣០លានដុល្លារ ជាជំនួយឥតសំណង និងជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកម្ពុជា ហើយត្រូវបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្ពុជា និងមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១ម៉ឺននាក់។ ស្ពាននេះមានប្រវែងបណ្ដោយ ២,២១៥ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ។
ប៉ុន្តែនៅពេលនេះ ត្រូវបានរងការបំផ្លាញដោយរថយន្តយីឌុបដឹកអង្ករដ៏មហិមា ទម្ងន់ជាង៧០តោនមួយគ្រឿង បានបើកបរឆ្លងកាត់ផ្លូវជាតិលេខ១ ឡើងស្ពាន ដោយឡើងមិនរួចក៏រអិលថយក្រោយវិញ ហើយវាបានបំផ្លាញសាច់កៅស៊ូលើស្ពាន (ដូចក្នុងរូបភាព)។ រថយន្តដឹកអង្ករដ៏សម្បើមដែលកំពុងបំផ្លាញស្ពានត្សឹបាសា នេះ បានឆ្លងកាត់ក្រុមជញ្ជីងថ្លឹង រហូតដល់ចំនួន២កន្លែង ចាប់ពីខេត្តស្វាយរៀង មកដល់ស្ពានអ្នកលឿងដោយភាពរលូនឥតខ្ចោះ គ្មានសមត្ថកិច្ច ឬមន្រ្តីជំនាញណាឃាត់នោះឡើយ។
តើនេះជាទង្វើបង្ហាញពីការឃុបឃិតគ្នារវាងមន្រ្តីក្រុមជញ្ជឹងថ្លឹង និងឈ្មួញមែនទេ ? ទើបបណ្តោយឲ្យរថយន្តធុនយក្ស និងមានទម្ងន់ដ៏មហិមានេះមកបំផ្លាញសម្បត្តិដ៏មានតម្លៃរបស់ជាតិ ព្រោះស្ពានដ៏ស្រស់ស្អាត និងប្រណិតមួយនេះ ក្រោមការផ្តល់ជំនួយឥតសំណងពីប្រទេសជប៉ុន ដោយមានការស្នើសុំជំនួយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រើប្រាស់។
ស្ពានអ្នកលឿង ឬហៅស្ពានត្សឹបាសានេះ អាចទទួលទម្ងន់បានយ៉ាងច្រើនបំផុតត្រឹម ៤០តោនតែប៉ុណ្ណោះ (ស្ពានខ្លះទទួលទម្ងន់តែ២៥តោន) ប៉ុន្តែរថយន្តអង្ករនេះបានផ្ទុកលើសរហូតដល់ជាង ៧០តោន។ ប្រសិនបើសកម្មភាពឃុបឃិតគ្នា រវាងមន្រ្តី និងឈ្មួញ នៅតែបន្តបែបនេះ នោះមិនយូរមិនឆាប់ ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង ដែលជាជំនួយឥតសំណង និងជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកម្ពុជា នឹងបាក់ជាមិនខាននៅថ្ងៃណាមួយ។
រថយន្តធុនយក្សនេះមានទម្ងន់១៧តោន ហើយទម្ងន់ផ្ទុកអង្ករជាង៦០តោន បូកសរុបជាង៧០តោន។
សូមជំរាបថា នៅវេលាម៉ោង១២យប់ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើស្ពានអ្នកលឿងត្រើយខាងកើត ក្នុងខេត្តព្រៃវែង មានរថយន្តដឹកអង្ករមួយគ្រឿង ពាក់ស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះផ្ទុកអង្ករខ្សាយ និងអង្ករដំណើប សរុបជាង៧០តោន បានបើកបរឆ្លងកាត់ស្ពាន ហើយឡើងស្ពានមិនរួចក៏រអិលថយក្រោយវិញ ដោយរថយន្តដឹកអង្ករនេះចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់នៅប្រទេសថៃ៕