(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង សម្រាប់ដាក់វ៉ាក់សាំងកូវីដ១៩ ដែលមិត្ដចិននឹងដឹកជញ្ជូនមកកម្ពុជាលើកដំបូង នៅចុងសប្ដាហ៍នេះ ចំនួន៦០ម៉ឺនដូស។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «យើងបានរៀបចំទុកជាមុនរួចរាល់ហើយ ដើម្បីទទួលការមកដល់របស់វ៉ាក់សាំង ពីសាធារណរដ្ឋប្រជាមានិតចិន ដែលលើកដំបូងនេះ គឺចំនួន៦០ម៉ឺនដូស។ វ៉ាក់សាំងនេះ នឹងចូលរួមចំណែកការពារជំងឺកូវីដ១៩ រួចជាមួយវិធានការនានា របស់ក្រសួងសុខាភិបាល»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «យើងបានត្រៀមប្រព័ន្ធត្រជាក់ជាស្រេច សម្រាប់រក្សាទុកវ៉ាក់សាំងកូវីដ១៩ ដែលនឹងគ្រោងមកដល់កម្ពុជា នៅចុងសប្ដាហ៍នេះ។ ជាងនេះទៅទៀត យើងក៏បានត្រៀមទាំងលក្ខណៈបច្ចេកទេស និងមធ្យោបាយដឹកជញ្ជូនវ៉ាក់សាំង សម្រាប់យកទៅតាមបណ្ដាខេត្ដ ឬទៅទីកន្លែងដែលត្រូវចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋយើង»។
លោកបន្ដថា «លើសពីនោះ យើងក៏បានបណ្ដុះបណ្ដាល ក្រុមពេទ្យរួចជាស្រេចផងដែរ ហើយគ្រោងនឹងបន្ដបណ្ដុះបណ្ដាលបន្ថែមទៀត ព្រោះជាប្រភេសវ៉ាក់សាំងនេះថ្មី ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ យើងធ្លាប់មានបទពិសោធន៍ខ្លះៗ ជាហូរហែរមកហើយ ក្នុងការចាក់វ៉ាក់សាំងដល់កុមារ ស្ដ្រីមានផ្ទៃពោះជាដើម»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ថា ទោះចាក់វ៉ាក់សាំងរួចក៏ដោយ ពលរដ្ឋត្រូវតែបន្ដអនុវត្ដវិធានការពារនានា របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញកន្លងមក ដូចជាពាក់ម៉ាស លាងសម្អាតដៃស្អាតជានិច្ច និងរក្សាគម្លាតបុគ្គល និងសង្គមជាដើម។
គូររម្លឹកថា ជាមួយនឹងការប្រកាសផ្តល់វ៉ាក់ការពារជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា អគ្គរដ្ឋទូតចិនក៏បានបញ្ជាក់កាលពីម្សិលមិញផងដែរថា រដ្ឋាភិបាលចិន ក៏បានបញ្ជូនអ្នកឯកទេសវេជ្ជសាស្ត្រចំនួន៤រូប មកជួយបណ្តុះបណ្តាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសក្នុងវិស័យវេជ្ជសាស្ត្រ នៃប្រទេសទាំងពីរ ហើយអ្នកជំនាញទាំង៤រូបនេះ ក៏បណ្តុះបណ្តាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកក្រុមគ្រូពេទ្យកម្ពុជាផងដែរ។
ក្រសួងសុខាភិបាលនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា នៅឃ្លាំងឱសថរបស់ក្រសួងសុខាភិបាល មានបន្ទប់ត្រជាក់ (Cold Room) ជាស្រេចចំនួន៩គ្រឿង សម្រាប់ដាក់វ៉ាក់សាំង និងបន្ទប់កកចំនួន១គ្រឿង សម្រាប់ដាក់វ៉ាក់សាំង ពេលត្រៀមដឹកជញ្ជូនទៅតាមបណ្ដាលខេត្ដ ហើយដើម្បីត្រៀមលក្ខណៈទៅថ្ងៃក្រោយទៀត កម្ពុជាបានកម្ម៉ង់ (Cold Room) ចំនួន២គ្រឿង និងបន្ទប់កកមួយបន្ថែមទៀត ដែលនឹងមកដល់នៅខែកុម្ភៈនេះផងដែរ៕