(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងខេមភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងស្ថិតក្រោមការប្រឈមនឹងកង្វះទឹកស្អាតរាល់ថ្ងៃ ដោយបានអះអាងថា ភាគីខាងក្រុមហ៊ុនទឹកស្អាត បើកឲ្យប្រើប្រាស់មិនគ្រប់ ទៅតាមតម្រូវការនៃការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
ប្រជាពលរដ្ឋនាំគ្នាថ្អូញថ្អែរថា «នេះគ្រាន់តែក្នុងរយៈពេលក្នុងខែកុម្ភៈផង ចាប់ផ្តើមខ្វះខាតទឹកទៅហើយ ទម្រំខែខាងមុខទៀតមិនដឹងយ៉ាងណានោះ»។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា នៅល្ងាចមិញនេះ ពួកគាត់បានព្រួយខ្លាំងបំផុត ដោយទឹកស្អាត របស់ក្រុមហ៊ុនគ្មានចេញមួយដំណក់ ដោយមិនដឹងមូលហេតុ ព្រោះខាងក្រុមហ៊ុនមិនបានជូនដំណឹងសោះ ដល់ប្រជាពលរដ្ឋ។
ទាកទងនឹងការដាច់ទឹកស្អាត របស់ក្រុមហ៊ុន L.A.P កាលពីល្ងាចរហូត ដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោក ខ្លឹម គគី ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះថា កាលពីល្ងាចរហូតដល់ព្រឹកនេះ ពិតជាដាច់ទឹកមែន ដោយភាគីក្រុមហ៊ុនបានប្រាប់លោកថា របូតក្បាលម៉ាស៊ីនបូមទឹក ដូច្នេះពុំមានទឹកស្អាតប្រើប្រាស់។ ត្រង់ចំណុចនេះហើយ ជាកង្វល់របស់ប្រជាពលរដ្ឋ ដែលគាត់អត់មានទឹកប្រើប្រាស់ ពីព្រោះខាងក្រុមហ៊ុនកំពុងជួសជុល និងដាក់ឲ្យប្រើប្រាស់ឡើងវិញ។
លោកបានបន្តថា ចំពោះកង្វះទឹកស្អាតប្រើប្រាស់ មិនគ្រប់គ្រាន់នោះពិតជាមានមែន ពីអាងស្តុបទឹករបស់ក្រុមហ៊ុនមានលក្ខណៈតូច រាល់ថ្ងៃខាងក្រុមហ៊ុនមានអាងស្តុបទឹកចំនួន៣កន្លែង សម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ មួយកន្លែងនៅក្នុងស្នាក់ការក្រុមហ៊ុន, ២-នៅកន្លែងសួនសត្វ និង៣-នៅជិតផ្លូវ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ហើយមួយកន្លែងទៀត ខាងក្រុមហ៊ុនកំពង់អភិវឌ្ឍស្ថិតនៅលើជ្រោះតាប៉ន។
លោកបានបញ្ជាក់ ទឹករាល់ថ្ងៃវាចេញតិចៗមែន ប៉ុន្តែវាមិនតម្រូវឲ្យអត់ទឹកនោះទេ ព្រោះយើងរក្សាត្រៀមទុកឲ្យប្រើប្រាស់ ដល់ខែវស្សាជារដូវភ្លៀងធ្លាក់ ពីព្រោះរដូវប្រាំងមានរយៈពេលវែង។ ដូច្នេះលោកសូមអំពាវរនាវ ដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកឲ្យសន្សំសំចៃកុំខ្ជះខ្ជាយ៕