(ភ្នំពេញ)៖ នាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានគាំទ្រអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ (Phnom Penh Declartion on a more Sustainable, Inclusive and Resilient ASEAN Tourism) ដែលផ្តួចផ្តើម និងរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤នេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូខន់ហ្វើរិន ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា និងដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។

សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ ផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖

១៖ រួមគ្នាដោះស្រាយផលប៉ះពាល់វិបត្តកូវីដ-១៩៖
ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស្អិតល្មួត ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីរៀបចំអភិវឌ្ឍន៍ទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ តាមរយៈការរៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ។

២៖ វិស័យទេសចរណ៍អាស៊ាន កាន់តែប្រសើរឡើងនៅពេលអនាគត៖
ការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារ ការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSME) ព្រមទាំងទ្រទ្រង់ដល់ក្រុមជនងាយរងគ្រោះផងដែរ។

៣៖ អភិវឌ្ឍន៍ជំនាញទេសចរណ៍ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៖
ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ជាពិសេសជំនាញឌីជីថល នវានវត្តន៍ និងសហគ្រិនភាព សម្រាប់អ្នកជំនាញទេសចរណ៍នៅបច្ចុប្បន្ន និងពេលអនាគតដែលជាកត្តាមួយដ៏ចម្បង សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់នៅអនាគត៕