(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា លោកនឹងយកសំណូមពររបស់ប្រជាពលរដ្ឋ លើកឡើង នៅតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលស្នើសុំបង្កើនល្បឿនបើកបរនៅលើផ្លូវ សម្រាប់កន្លែងមួយចំនួនដែលក្រៅពីទីប្រជុំជន និងមិនសូវមានរថយន្តបើកបរច្រើន ទៅពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្នើសុំការសម្រេច។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវកា មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះថា «ខ្ញុំក៏បានឃើញដែរនូវសំណូមពរ របស់ប្រជាពលរដ្ឋថា គួរតែតំឡើងល្បឿនពី៨០ ទៅ៩០ ឡើង១០០ បានស្នើសុំថា ផ្លូវវាល្អជាងមុន, ខ្ញុំសូមជម្រាបថា យើងកំពុងធ្វើវិសោនកម្មច្បាប់របស់យើង យើងខ្ញុំនឹងពិភាក្សា ពិចារណា ពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើបញ្ហាដែលយើងទទួលបាននេះ តើយើងអាចដូរបាន ដែរឬទេ?»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ដែរថា ស្តង់ដារផ្លូវបច្ចុប្បន្ននេះ គឺអាចធ្វើបានត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ តែដោយឡែកកន្លែងខ្លះ គឺបានប្តូរពីផ្លូវ DBST ទៅ AC ធ្វើផ្លូវបានល្អ ដូចនេះហើយក្រសួងនឹងរាយការណ៍ទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យលោកពិចារណាទៅលើសំណូមពររបស់ប្រជាពលរដ្ឋនេះ បើសម្តេចអនុញ្ញាត ក្រសួងនឹងរៀបចំធ្វើតែម្តង។
ទាក់ទងនឹងបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកដែរថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចររាណ៍ដែលស្លាប់ច្រើននោះ ភាគច្រើនគឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់នៃច្បាប់ ដែលមានរហូតដល់ជាង៣០ភាគរយ ដូចនេះហើយការស្នើសុំបន្ថែមល្បឿននេះ វាមិនសូវសាកសមនោះទេ តែយ៉ាងណាលោកនឹងពិចារណាសម្រាប់ផ្លូវកន្លែងមួយចំនួនផងដែរ ខណៈផ្លូវពីមុនមានតែ២គន្លង តែមកដល់ពេលនេះបានធ្វើដល់៤គន្លងហើយ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវតែគោរពច្បាប់ររាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចររាចរណ៍ ដែលបង្ករឱ្យមានអ្នកស្លាប់ជាមធ្យមចំនួន៥នាក់ ក្នុងមួយថ្ងៃ របួស១២ ទៅ១៥នាក់ក្នុងមួយថ្ងៃ ខាតបង់ថវិកាទាំងជាតិ និងឯកជន៣៥០លានដុល្លារ ក្នុងមួយឆ្នាំ, ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទឡានដែលបើកបរ, សូមកុំបើកលើសចំនួនកំណត់នៃច្បាប់, កុំវ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន, កុំបើកបរក្នុង ស្ថានភាពស្រវឹង, កុំនិយាយទូរសព្ទពេលបើកបរ និងត្រូវពាក់មួក ពាក់ខ្សែប្រវ៉ាត់ ជាពិសេសចូលរួមគោរពតាមនីតិវិធីដែលច្បាប់បានកំណត់ ទើបយើងអាចកាត់បន្ថយ គ្រោះថ្នាក់ចររាចរណ៍បាន៕