(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ នេះបើតាមលិខិតអនុញ្ញាតស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។
កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។
ក្នុងចំណោមជំនួយ ១១លានដូសនោះ មានវ៉ាក់សាំង Sinopharm របស់ចិនចំនួន ១លានដូស ជំនួយពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន ៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី ២៨លានដុល្លារ ស្មើនឹង ៣លានដូសផងដែរ។ ចំណែកតម្រូវការ ៩លានដូសទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមវ៉ាក់សាំង ៩លានដូសនេះ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផងដែរ ប្រសិនបើតម្លៃត្រឹម ៤-៥ដុល្លារ ក្នុង១ដូស ដូចតម្លៃវ៉ាក់សាំងអស់គ្លេស AstraZeneca នាពេលបច្ចុប្បន្ន។ សម្តេចបានបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសម្បុរសជននានា ដែលមានទឹកប្រាក់សរុប ៥៧លានដុល្លារនោះ នឹងអាចគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង៕