(រតនគិរី)៖ ស្របពេលដែលប្រទេសជិតខាងកំពុងមានករណីផ្ទុះចម្លងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានបើកកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងគោលដៅពង្រឹងវិធានការនៅតាមព្រំដែន ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩។

នៅក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានណែនាំដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលប្រចាំការនៅតាមច្រកទ្វារត្រូវរឹតបន្តឹងបន្ថែមទៀតឲ្យបានហ្មត់ចត់នូវវិធានសុខាភិបាលកន្លងមក និងកែលម្អចំណុចខ្វះខាតទាំងឡាយណាដែលមានសំដៅទប់ស្កាត់ឲ្យបានកុំឲ្យមានការចម្លងជំងឺកូវីដ១៩។

ជាងនេះទៅទៀតអាជ្ញាធរ បានណែនាំឲ្យពង្រឹង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមករាល់ករណីដែលកើតឡើងដើម្បីសហការគ្នាបានល្អប្រសើរ ជាពិសេសអាជ្ញាធរត្រូវអប់រំប្រជាពលរដ្ឋរស់នៅ នៅជាប់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០១ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសរសេរលិខិតមួយផ្ញើទៅគ្រប់អភិបាលរាជធានីខេត្ត ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយផ្អែកតាមប្រភពព័ត៌មានពីគេហទំព័ររបស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com) : Vietnam Business Operations and the Coronavirus Updates ដែលបានចុះផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ប្រទេសវៀតណាមថ្មីៗនេះ បាននិងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។

លោកអះអាងថា ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម បានរកឃើញករណី វិជ្ជមាននៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តប៉ៃដុង (Hai Duong) ខេត្តក្វាងនិញ (Quang Ninh) ទីក្រុងហាណូយ (Hano) ខេត្តហៃឡៃ (Ga Lai) បាកណិញ (Bac Ninh) ខេត្តហូវបិញ (Hoa Birth)) ឋិញដុង (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh Cty) ហៃហ្វូង (Hai Phong) និងប៊ិកយ៉ាង (Bac Giang) ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ។ ដូច្នេះ លោករដ្ឋមន្ត្រីបានស្នេី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ៕