(បន្ទាយមានជ័យ)៖ សត្វជ្រូកចំនួន១៦ក្បាល ដែលឈ្មួញលួចដឹកចេញពីច្រករបៀងប្រទេសថៃ តាមរថយន្តតួរីសត្រូវកម្លាំងជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ឃាត់បាននៅនៅវេលាម៉ោង ៤រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខការ៉ាស់សាំងតេឡាលើផ្លូវជាតិលេខ៦ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ឲ្យដឹងថា កម្លាំងរបស់លោក១ក្រុម បានស្ទាក់ឃាត់ចាប់បានរថយន្តសាំយ៉ុងបាន១គ្រឿង ពណ៌សំបកឪឡឹក ចង្កូតឆ្វេង ពាក់ស្លាកលេខកំពង់ចាម 2A-3823 លួចដឹកជ្រូករស់ចំនួន១៦ក្បាល ដោយគ្មានឯកសារត្រឹមត្រូវ។
ម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា សត្វជ្រូកខាងលើ បានលួចនាំចូលតាមច្រករបៀងក្នុងមូលដ្ឋានឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដឹកយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បន្ទាប់មកមន្រ្តីជំនាញ បាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់ជាបន្ត។ ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើស ខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កនៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕