(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ជនមានពិការភាព អាចប្រលងយកបណ្ណបើកបរបានហើយ។
លោករដ្ឋមន្ត្រីប្រកាសបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ដលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ជនមានពិការភាពដែលអាចបើកបរបាន សូមអញ្ជើញទៅចុះឈ្មោះ ដើម្បីយកបណ្ណបើកបរប។ លោកទេសរដ្ឋមន្ត្រីបន្តថា នឹងបើកវគ្គបណ្តុះបណ្តាលពិសេសអំពីការបើកបរសម្រាប់បងប្អូនមានពិការភាព។
បន្ថែមពីលើនេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ៗថា ជនមានពិការភាព គឺអាចបើកបរបានទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសផងដែរ ដោយគ្មាបញ្ហា។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បង្ហាញមោទនភាពផងដែរថា នៅក្រសួងរបស់លោក ក៏មានចំណតយានយន្តពិសេសនិងបានដាក់ផ្លាកសម្រាប់ជនមានពិការភាពផងដែរ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ក៏បានចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីនេះក្នុងវិស័យពិការភាព។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា សូមលើកទឹកចិត្តដល់បងប្អូនមានពិការភាព ដែលមានសមត្ថភាពបើកបរបាន សូមអញ្ជើញទៅចុះឈ្មោះប្រលង ដើម្បីទទួលបានបណ្ណបើកបរស្របច្បាប់នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមសេចក្តីប្រកាសអន្តរក្រសួង កាលពីចុងខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ជនពិការដែលអាចប្រលងយកបណ្ណបើកបរបាន មានពីរកម្រិត គឺកម្រិតមធ្យម និងកម្រិតស្រាល។
សម្រាប់ជាមានពិការភាពកម្រិតមធ្យម អាចប្រលងយកបណ្ណបើកបរ និងអនុញ្ញាតឱ្យបើកបរ តែតម្រូវឱ្យកែច្នៃផ្នែកនៃយានយន្ត។ ដោយឡែកជនមានពិការភាពកម្រិតស្រាល មានសមត្ថភាពប្រលងយកបណ្ណបើកបរ និងអនុញ្ញាតឱ្យបើកបរដោយមិនចាំបាច់កែច្នៃយានយន្តនោះឡើយ។
ក្នុងសេចក្តីប្រកាសអន្តរក្រសួងនេះ ក៏បានបញ្ជាក់ពីប្រភេទយានយន្តសម្រាប់ជនមានពិការភាព ដែលតម្រូវឱ្យមានបណ្ណបើកបរផងដែរ។ ប្រភេទយានយន្តសម្រាប់ជនមានពិការភាពដែលតម្រូវឱ្យមានបណ្ណបើកបរមានដូចខាងក្រោម៖
* ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គសិនីលើសពី ១១គីឡូវ៉ាត់។
* ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន
* រថយន្តដឹកអ្នកដំណើរមិនលើពី៩នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣.៥តោន៕