(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ជាលើកដំបូង។ មជ្ឈមណ្ឌលនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ១៨-១៩ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ១៦,៥៨៤ម៉ែត្រការ៉េ ដែលរួមមានអគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ទំហំ ៨,៩០៩ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់សិស្សមកពីបណ្តាខេត្តនានា មានទំហំ ៣៤៥ម៉ែត្រការ៉េ ព្រមទាំងមានការបំពាក់សម្ភារបរិក្ខាទំនើបៗជាច្រើនទៀត។
មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសវត្តមានមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់លើដងវិថី បណ្តាលមកពីអ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានជំនាញច្បាស់លាស់។
យោងតាមរបាយការណ៍ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា មូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលកត្តាមនុស្សមានរហូតដល់ ៩០ភាគរយ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ក៏មានបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដូចជា៖ មិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
របាយការណ៍បានបង្ហាញផងដែរថា នៅឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបររថយន្តធុនធ្ងន់ មានចំនួន ១៨១នាក់ ស្មើ ៨.៤ភាគរយ។ បើប្រៀបធៀបជាមួយចំនួនអ្នកស្លាប់បង្កឡើងដោយសាររថយន្តធុនធ្ងន់នៅឆ្នាំ២០១៨ មានការកើនឡើង ៣៤នាក់។
អ្នកបើកបររថយន្តធុនធ្ងន់ភាគច្រើនមិនមានបណ្ណបើកបរ និងមួយចំនួនទៀតមានបណ្ណ តែមិនត្រឹមត្រូវតាមប្រភេទយានកំពុងបើកបរ។ ជាពិសេសអ្នកបើកបររថយន្តសណ្តោងរឺម៉ក
លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ញូនផ្លូវគោក បានឱ្យដឹងថា ឆ្នាំ២០២០កន្លងទៅនេះ រថយន្តធុនធ្ងន់បានចុះបញ្ជីសរុប ៣២ម៉ឺន ៥ពាន់គ្រឿង និងបានផ្តល់បណ្ណបើកបរយានយន្តប្រភេទ «គ» ដល់ «ង» សម្រាប់បើកបរធុនធ្ងន់បាន ២១ម៉ឺន ៨ពាន់បណ្ណ។ បើប្រៀបធៀបតួលេខរថយន្តចុះបញ្ជី និងការផ្តល់បណ្ណ បង្ហាញថា អ្នកបើកបរយានយន្តធុនធ្ងន់មានបណ្ណបើកបរតែ ៦៧ភាគរយប៉ុណ្ណោះ។
ដោយឡែកអ្នកបើកបររថយន្តធុនធ្ងន់ប្រមាណ ៣៣ភាគរយទៀត ដែលកំពុងបើកបើកបររថយន្តធុនធ្ងន់លើផ្លូវមិនមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ គឺជាការខិតខំមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងវិថី ដែលជាក្តីបារម្ភធ្ងន់ធ្ងរមួយរាជរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកបើកបររថយន្តធុនធ្ងន់ ហើយមិនទាន់មានបណ្ណបើកបរនោះ ត្រូវមករៀនយកបណ្ណបើកបរឱ្យបានត្រឹមត្រូវ។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដូច្នេះ «សូមអំពាវនាវទៅកាន់អ្នកបើកបរដែលគ្មានបណ្ណបើកបរទៅតាមប្រភេទយានយន្ត សុំឈប់បើកបរយានយន្តនោះ។ បើគ្មានបណ្ណបើកបរត្រឹមត្រូវ សុំឈប់ ហើយសុំមករៀនបើកបរឱ្យបានត្រឹមត្រូវនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នៅទីនេះ»។
ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញក្តីកង្វល់របស់លោកផងដែរថា អ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនអាយុមិនគ្រប់ទៅតាមច្បាប់កំណត់នោះទេ។ ក្នុងន័យនេះលោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ចូលរួមគោរពទៅច្បាប់កំណត់ រើសអ្នកបើកបរដែលមានអាយុគ្រប់ និងមានបណ្ណបើកបរឱ្យបានត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បើយើងគ្មានបណ្ណបើកបរត្រឹមត្រូវ គ្មានបទពិសោធន៍ អាយុមិនទាន់គ្រប់ ដើម្បីបើករថយន្តធុនធ្ងន់បានប្រភេទ (ក) ត្រូវមានអាយុ ២២ឆ្នាំ, (ឃ) និង (ង) ទាល់តែមានអាយុ ២៤ឆ្នាំ។ ប៉ុន្តែបើយើងមើលអ្នកបើកបរសព្វថ្ងៃនេះប្រហែល ១៨ឆ្នាំ ១៩ឆ្នាំ ហើយខ្ញុំជឿថាគ្មានបណ្ណបើកបរត្រឹមត្រូវទេ»។
លោក ឈួន វ៉ន់ បានឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ ចំណាយពេលសាងសង់ ១៤ខែ។ មជ្ឈមណ្ឌលនេះមានពីរផ្នែករួមមាន៖
ផ្នែកទី១៖ ជាអគារដែលមានកន្លែងទទួលសិស្សចុះឈ្មោះ បន្ទប់ការិយាល័យរដ្ឋបាល បន្ទប់បណ្ណាល័យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ប្រជុំ បន្ទប់គ្រូបង្រៀន បន្ទប់ទ្រឹស្តី។ល។
ផ្នែកទី២៖ ជាទីលានបង្រៀន និងប្រលងបណ្ណបើកបរដៃចង្កូតសម្រាប់បើកបរយានយន្តប្រភេទ «គ» ដល់ «ឃ» ដែលមាន ១០វិញ្ញាសារ។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ញូនផ្លូវគោក បានឱ្យដឹងថា មជ្ឈមណ្ឌលនេះមានគ្រូបង្រៀនមានសញ្ញាបត្រកម្រិតអនុបណ្ឌិត បរិញ្ញាបត្រ និងមានបទពិសោធន៍លើជំនាញនេះយូរឆ្នាំ។ ជាពិសេសគ្រូជំនាញមួយចំនួន ជាគ្រូបង្គោលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញពីគ្រូបង្រៀនបើកបរអាជីពនៅប្រទេសថៃ ហើយបានទៅអនុវត្តន៍ដៃចង្កូតនៅសាលាបង្រៀនបើកបរយានយន្តនៅថៃផងដែរ។
មជ្ឈមណ្ឌលអាចមានលទ្ធភាពទទួលបណ្តុះបណ្តាល និងប្រលងយកបណ្ណបើកបរយានយន្តប្រភេទ «គ» ដល់ប្រភេទ «ង» ប្រមាណ ២៦០០នាក់ ក្នុងមួយឆ្នាំ។
បើតាមលោក ឈួន វ៉ន់ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរយានយន្តធុនធ្ងន់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លក្ខណៈងាយស្រួលដល់អ្នកមានបំណងបើករថយន្តធុនធ្ងន់ គឺសិស្សអាចចុះឈ្មោះរៀនទ្រឹស្តី និងអនុវត្តន៍ដៃចង្កូតនៅទីនេះ ហើយក៏អាចប្រលងយកបណ្ណបើកបរនៅមជ្ឈមណ្ឌលនេះតែម្តងក៏បាន។ បន្ថែមពីលើនេះទៀត អគ្គនាយកដ្ឋានដឺកជញ្ជូនផ្លូវគោក គ្រោងសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗក្នុងស្រុក ដើម្បីផ្តល់ឱកាសការងារជូនដល់អ្នកបើកបរដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងប្រលងយកបណ្ណបើកបរយានយន្តធុនធ្ងន់នៅមជ្ឈមណ្ឌលនេះ។
សម្រាប់ថ្លៃសិក្សាវិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា តម្លៃសិក្សាទាំងផែ្នកទ្រឹស្តី និងការអនុវត្តបើកបរ គឺ ៣៥០ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ។ ប៉ុន្តែសម្រាប់ថ្ងែសម្ពោធនេះ មានការបញ្ចុះតំលៃ ៥០ភាគរយ សម្រាប់សិស្ស ៥០នាក់ ដែលចុះឈ្មោះចូលរៀនដំបូង។
រយៈពេលនៃការបង្រៀន គឺបង្រៀនទ្រឹស្តី ៣០ម៉ោង និងបង្រៀនដៃចង្កូត ២០ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ មានបំពាក់ទៅដោយឧបករណ៍ទំនើបៗសម្រាប់បំពេញដល់ការសិក្សាថែមទៀតផង៕