(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសរសេរលិខិតមួយផ្ញើទៅគ្រប់អភិបាលរាជធានីខេត្ត ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតនោះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយផ្អែកតាមប្រភពព័ត៌មានពីគេហទំព័ររបស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com) : Vietnam Business Operations and the Coronavirus Updates ដែលបានចុះផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ប្រទេសវៀតណាមថ្មីៗនេះ បាននិងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។
លោកអះអាងថា ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម បានរកឃើញករណី វិជ្ជមាននៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តប៉ៃដុង (Hai Duong) ខេត្តក្វាងនិញ (Quang Ninh) ទីក្រុងហាណូយ (Hano) ខេត្តហៃឡៃ (Ga Lai) បាកណិញ (Bac Ninh) ខេត្តហូវបិញ (Hoa Birth)) ឋិញដុង (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh Cty) ហៃហ្វូង (Hai Phong) និងប៊ិកយ៉ាង (Bac Giang) ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ។ ដូច្នេះ លោករដ្ឋមន្ត្រីបានស្នេី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ។
លោករដ្ឋមន្ត្រី បានស្នើអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមានព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការមួយចំនួនដូចខាងក្រោម៖
* អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសបណ្ដាខេត្តដែលមានព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ សុខភាពអ្នកដំណើរចេញ
* ចូលតាមច្រកព្រំដែន ឱ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងដាក់អ្នកដំណើរ ដែលចូលមកកម្ពុជាទាំងអស់ឱ្យនៅចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់ និងវិធានការសុខាភិបាលដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល រួចហើយ។
* បន្តធ្វើឱ្យសកម្មនូវដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត ជាបន្តទៅទៀត។
* ចុះពិនិត្យតាមដាន រុករកប្រជាពលរដ្ឋមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសវៀតណាម ថៃ យកវត្ថុសំណាកសម្រាប់អ្នក ដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា និងរាយការណ៍មកទូរសព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើម ជាដើម។
* អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួន ឱ្យស្របតាមរបត់នៃ «ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកនូវ ការអនុវត្តវិធានការ ៣ការពារ និង ៣កុំ។
* ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ឬ ផ្ទះសំណាក់ រួមទាំងកន្លែងកម្សាន្តនានា ត្រូវអនុវត្តវិធានការការពារតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយជារឿយៗ និងត្រូវធានាថាទីកន្លែងរបស់ខ្លួនមិនក្លាយជាទីតាំងបង្កឡើងនូវ ការចម្លងវីរុសកូវីដ-១៩ ឡើយ។
* ត្រូវតាមដាន និងត្រួតពិនិត្យ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ទីកន្លែងកម្សាន្តនានា ព្រមទាំងកន្លែងលក់ដូរនានា ដើម្បីឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ហាង/កន្លែងទាំងនោះ ត្រូវបន្តអនុវត្តន៍វិធានការការពារការ ចម្លងវីរុសកូវីដ-១៩ ជាពិសេស អនុវត្តន៍ វិធានការ ៣ការពារ និង ៣កុំ ជាចាំបាច់។
* ត្រូវតាមដាន និងត្រួតពិនិត្យ តាមបេនឡានអាជីវកម្មនានាដែលជាកន្លែងប្រមូលផ្តុំនូវអ្នកដំណើរ ដើម្បីឱ្យម្ចាស់ឡានអាជីវកម្ម ទាំងនោះត្រូវបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាថាធុរកិច្ចរបស់ខ្លួន មិនក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជននោះឡើយ។
* រាយការណ៍មកក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំនូវរាល់ករណីសង្ស័យ ឬរកឃើញភាពអសកម្មណាមួយដែលជាមូល ហេតុនៃ ការចម្លងវីរុសកូវីដ-១៩។
* បន្តអប់រំសុខភាព និងវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។
លោក ម៉ម ប៊ុនហេង ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម។ ជាពិសេសទៅតំបន់ដែលមានការរាតត្បាតនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងសូមអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបានដាក់ចេញដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩នេះ៕
ខាងក្រោមនេះជាសារលិខិត លោករដ្ឋមន្ត្រីសុខាភិបាល៖