(ព្រះវិហារ)៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារថ្មី ត្រូវបានប្រកាសចូលកាន់តំណែងហើយ ដោយលោក ចិន ខន្តី ឋានន្តរស័ក្កិក្រមការដើមខ្សែថ្នាក់លេខ១ ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ជំនួសលោក វុធ តារ៉ា ដែលត្រូវចប់អាណត្តិទៅបម្រើការងារនៅអង្គភាពដើមវិញ។

ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ស្ថិតក្រោមវត្តមានលោក អ៊ុង វុឌ្ឍី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចុលរួមពីលោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក អ៊ុង វុឌ្ឍី បានថ្លែងថា «ការប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះថ្មីនៅពេលនេះ គឺជារឿងធម្មតាមិនមានអ្វីប្លែកនោះទេ គឺដោយសារប្រធានស្នាក់ការចាស់លោក វុធ តារ៉ា គាត់ត្រូវបញ្ចប់អាណត្តិរបស់គាត់ មិនមែនគាត់ធ្វើការមិនកើតនោះទេ ដូច្នេះដល់អាណត្តិគឺត្រូវផ្លាស់ប្តូរហើយ»

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងណែនាំផ្តាំផ្ញើដល់លោកប្រធានទីស្នាក់ការថ្មីត្រូវសហការល្អ ជាមួយអាជ្ញាធរដែនដីស្រុកជាំក្សាន្តនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទ ក៏ដូចជាបន្តទំនាក់ទំនងល្អជាមួយភាគីថៃ ក្នុងគោលដៅរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនានាអោយមានតម្លាភាព។ ចំពោះអ្វីដែលមានស្រាប់ត្រូវបន្តអនុវត្តន៍តទៅទៀត ដើម្បីឲ្យច្រកនេះក្លាយទៅជាតំបន់ដែលមានសហប្រតិបត្តិការល្អ ពិសេសរវាងភាគីថៃនិងភាគីកម្ពុជារបស់យើង។

លោកបន្ថែមថា ការដោះស្រាយបញ្ហាផ្សេងៗ គឺត្រូវទទួលខុសត្រូវ និងយកចិត្តទុកដាក់ដោយខ្លួនឯង ហើយកន្លែងណាដែលដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំខេត្ត ពិសេសគោលការណ៍ពីលោកអភិបាលខេត្ត។ ពេលប្រកាសតែងតាំងរួចហើយ គឺត្រូវប្រចាំការ ក្តាប់សភាពការណ៍នៅតាមព្រំដែនឲ្យបានច្បាស់លាស់ ពិសេសបញ្ហាជំងឺកូវីដ១៩ និងបញ្ហាទំនិញក៏ដូចជាមនុស្សចេញចូលឆ្លងដែនឲ្យបានច្បាស់លាស់ ពិសេសគឺត្រូវរក្សាឯកភាពផ្ទៃក្នុងរវាងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ដើម្បីប្រសិទ្ធិភាពការងារ៕