(ពោធិ៍សាត់)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត ពោធិ៍សាត់ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់មួយ ស្ដីពីផលប៉ះពាល់ដីចំណីផ្លូវ នៅក្នុងរាជធានី ខេត្ត-ក្រុង និងទីប្រជុំជន នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងរាជធានី ខេត្ត-ក្រុង និង ជនបទទៅតាមស្ដង់ដារអន្តរជាតិ ទន្ទឹងនឹងឈានទៅដល់ ការកំណត់ស្ដង់ដាជារូបវន្ត ការរៀបចំចងក្រងឯកសារ ច្បាប់ដើម្បីអនុវត្ត។
សិក្ខាសាលាថ្ងៃនេះ ស្ថិតក្នុងវត្តមានរបស់លោក យិត បុណ្ណា អនុរដ្ឋលេខាធិការ តំណាងឲ្យលោក រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង ការចូលររួមពីលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលរងខេត្ត និង មន្ត្រីរាជការ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រមាណ ៤០០នាក់ ។
លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា នៅខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋមួយចំនួន បានបង្កើតទីតាំងអាជីវកម្មរបស់ខ្លួន ដោយពុំមានច្បាប់អនុញ្ញាតឡើយ ហើយទីតាំងទាំងនោះ បានធ្វើលើដីចំណីផ្លូវ ដីចំណីលូ និងដីចំណីប្រឡាយជាដើម។ កត្តាទាំងនោះបានបង្ករការលំបាក ដល់ការរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវសម្រាប់ធ្វើដំណើរផងដែរ ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច លើការរៀបចំក៏នៅមានជនឆ្លៀតឱកាសមួយចំនួន បានផ្ដល់ឱកាស និងបន្តរំលោភប្រើប្រាស់លើដីចំណីផ្លូវ ដីចំណីលូ/ប្រឡាយ ក្រោមរូបភាពផ្សេងៗ ។
លោក យិត បុណ្ណា អនុរដ្ឋលេខាធិការបានថ្លែងថា ដោយច្បាប់ផ្លូវថ្នល់ បានប្រកាស់ឲ្យប្រើប្រាស់ និងមានអនុក្រិតលេខ១៩៧ អនក្រ.បក ស្ដីពីការគ្រប់គ្រងចំណីផ្លូវ តាមបណ្ដាញផ្លូវជាតិ និង ផ្លូវរថភ្លើង នៃកម្ពុជា ហើយអនុក្រិត្យ ស្ដីពីដីចំណីផ្លូវនៅក្នុងរាជធានី ខេត្ត-ក្រុង និងទីប្រជុំជន នៅពុំទាន់បានរៀបចំនៅឡើយទេ។ ហេតុនេះក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានរៀបចំឲ្យនាយកដ្ឋានហេដ្ឋា រចនាសម្ព័ន្ធសាធារណៈថ្នាក់ក្រោមជាតិ និង វិស្វកម្មចុះធ្វើការងារនេះ ដើម្បីប្រមូលទិន្ធន័យ ឯកសារពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងធ្វើជាអនុក្រិត្យដីចំណីផ្លូវ ឈានដល់ការអនុវត្តឲ្យបានត្រឹមត្រូវ ។
ក្នុងគោលបំណង ១-ផាសុខភាព សុវត្ថិភាពសាធារណៈ និង សុវត្ថិភាពចរាចរ ២-ថែរក្សាផ្លូវសាធារណៈ សម្រាប់អ្នកប្រើប្រាស់ទូរទៅ ៣-រៀបចំឲ្យមានបទដ្ឋានបច្ចេកទេសទូទៅ ក្នុងការសាងសង់ និង ការប្រើប្រាស់ដីចំណីផ្លូវក្នុងទីក្រុង និងទីប្រជុំជន ៤-ការពារការរំលោភបំពានដីចំណីផ្លូវ ដើម្បីប្រើប្រាស់ជាលក្ខណៈឯកជន ៥-ការពារទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៦-លើកកម្ពស់ សោភ័ណ្ឌភាពទីក្រុង និង ទីប្រជុំជន ៧-កាត់បន្ថយការស្ទះចរាចរ និង សម្រួលដល់អ្នកថ្មើរជើង ៨-គ្រប់គ្រងលំហូរចរាចរក្នុងទីក្រុង និង ទីប្រជុំជន និង ៩-ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ៕