(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២០ សហគ្រិនខ្មែរ បានប្រគល់នូវកញ្ចប់ជំនួយចំនួនពីរលើក។ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ លើកទី១ និងទី២ បានផ្តល់ថវិកាប្រមាណ៤០ម៉ឺនដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ចំនួន២៧ក្នុងចំណោមពាក្យស្នើសុំចំនួន២៧៨ មកពី ១៩ ខេត្តនិងរាជធានី។
សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស មកពីវិស័យផ្សេងៗ គ្នាដូចជា វិស័យកសិកម្ម/កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអាជីវកម្ម និងប្រតិបត្តិការ និងភាពមិនប្រាកដប្រជា ក្នុងពេលអនាគត ដែលបណ្តាលមកពីការរីករាលដាលនៃវិបត្តិកូវីដ-១៩។ ការគាំទ្រជាពិសេសនេះ នឹងត្រូវបែងចែកទៅផ្នែកដែលចាំបាច់នៃអាជីវកម្ម នៅក្នុងវិស័យដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាតនេះ។
លោក វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកត់សម្គាល់ថា កញ្ចប់ជំនួយនេះនឹងជួយដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីទប់បម្រុង និងស្ដារអាជីវកម្មឲ្យរីកចម្រើនឡើងវិញ ក្នុងអំឡុងពេលមានវិបត្តិនេះ ពីព្រោះអាជីវកម្មទាំងនេះ គឺជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងបន្ថែមគុណតម្លៃ ក៏ដូចជាគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានបន្ថែមទៀតថា «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៏ដូចជាសហគ្រិនខ្មែរ គឺមានគោលដៅកសាងកំលាំងដឹកនាំ ឬអាចនិយាយថា ជាមេទ័ពក្នុងវិស័យឯកជន ដើម្បីប្រយុទ្ធក្នុងសមរភូមិសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបច្ចេកវិទ្យា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ប្រសិទ្ធិភាពធុរកិច្ចជាមីក្រូ និងប្រសិទ្ធិភាពសេដ្ឋកិច្ចជារួម ក្នុងបរិការណ៍ថ្មីនៃសកលលោក ឬប្រក្រតីថ្មីក្នុងគោលដៅបង្កើតនូវតម្លៃបន្ថែម និងកំលាំងអូសទាញសេដ្ឋកិច្ចថ្មីៗទៀតនៅកម្ពុជា»។
នៅក្នុងឆ្នាំ២០២១ សហគ្រិនខ្មែរកំពុងរៀបចំកញ្ចប់ជំនួយលើកទី៣បន្តទៀត ដើម្បីជាយុទ្ធសាស្រ្តឆ្លើយតប ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម ដើម្បីឲ្យពួកគាត់រឹងមាំឡើងវិញ។ កញ្ចប់ជំនួយនេះក៏ដើរតួជាយន្តការបញ្ចូលសាច់ប្រាក់ដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ច តាមរយៈអាជីវកម្ម ដើម្បីទ្រទ្រង់ការងាររបស់ប្រជាជនកម្ពុជា។
«កញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី ៣» នឹងអនុវត្តតាមនីតិវិធីដូចគ្នាទៅនឹងកញ្ចប់ជំនួយឆ្នាំមុន ដោយមាន៤ ដំណាក់កាល។ ដំណាក់កាលទី១ សហគ្រិនខ្មែរនឹងធ្វើសេចក្តីប្រកាស នៅលើគេហទំព័រហ្វេសប៊ុក បណ្តាញព័ត៌មាន និងតាមរយៈបណ្តាញដៃគូរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីនេះ និងប្រកាសបើកទទួលពាក្យស្នើសុំ។ ដំណាក់កាលទី២ ពាក្យស្នើសុំទាំងអស់នឹងត្រូវបានសម្រិតសម្រាំង ដោយប្រើគោលការណ៍វិនិច្ឆ័យដែលមានលក្ខណៈស្តង់ដារ។ ដំណាក់កាលទី៣ បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវបានអញ្ជើញឲ្យមកធ្វើបទបង្ហាញអំពីអាជីវកម្ម និងយន្តការនៃការប្រើប្រាស់កញ្ចប់ថវិការបស់ពួកគេ ទៅកាន់គណៈកម្មការជំនាញ។ ដំណាក់កាលចុងក្រោយ កញ្ចប់ជំនួយត្រូវបានផ្តល់ទៅឲ្យបេក្ខជនជ័យលាភី។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងថា «សហគ្រិនខ្មែរជឿជាក់ថា កម្មវិធីកញ្ចប់ជំនួយនេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធិភាព ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលកំពុងរងឥទ្ធិពលពីវិបត្តិកូវីដ-១៩ ហើយកំពុងរៀបចំអាជីវកម្មរបស់ខ្លួនសម្រាប់បរិបទប្រក្រតីថ្មីនេះ»។
សហគ្រិនខ្មែរទទួលស្វាគមន៍ ក្នុងភាពជាដៃគូហិរញ្ញប្បទានពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការប្រើប្រាស់វេទិកាកញ្ចប់ជំនួយរបស់ សហគ្រិនខ្មែរដើម្បីកសាង និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការស្តារសេដ្ឋកិច្ចឡើងវិញនៅប្រទេសកម្ពុជា៕