(ព្រះវិហារ)៖ ប្រាសាទចិនស្រម ឬប្រាសាទជាន់ស្រាំ ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចំណុចនិយាមការ X-451163 Y-1539763។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមទីរួមស្រុកគូលែន កាត់តាមភូមិព្យួរជ្រូកឆ្ពោះទៅកាន់ ភូមិព្រៃវែង ចម្ងាយប្រមាណ ២៣គីឡូម៉ែត្រ។ ម្យ៉ាងទៀតអាចធ្វើដំណើរតាមប្រាសាទកោះកេរ ទៅទិសខាងជើង ឆ្លងកាត់ស្ទឹងសែន និងឆ្លងកាត់ភូមិសម្បូរឆ្ពោះទៅកាន់ភូមិព្រៃវែង ប្រមាណ ១៨គីឡូម៉ែត្រ ដោយផ្លូវទៅកាន់តំបន់នោះមានការលំបាកខ្លាំងនៅរដូវវស្សា។
ប្រាសាទចិនស្រម អ្នកស្រុកក្នុងតំបន់ច្រើនហៅថា ប្រាសាទព្រៃវែង នេះបានកសាងអំពីឥដ្ឋមានតួ៥ បែរទៅទិសខាងកើតសង់លើខឿនថ្មបាយក្រៀមមាន ៣ថ្នាក់ នៅជុំវិញបរិវេណប្រាសាទមាន ហោត្រៃចំនួន២សាង អំពីឥដ្ឋមានសំណង់ជា បន្ទប់រាងចតុកោណកែងចំនួន៨ សាងអំពីថ្មភក់ និងថ្មបាយក្រៀម មានគោបុរៈ ចំនួន២នៅទិសខាងកើត និងខាងលិចនៃប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញមានស្រះទឹក និងបារាយណ៍នៅទិសខាងកើត។
ប្រាសាទចិនស្រមនេះ មានស្រះទឹកចំនួន៤ នៅខាងកើតចំនួន២ និងខាងលិចចំនួន ដែលមានកំពែងថ្មីបាយក្រៀមព័ទ្ធជុំវិញជាលក្ខណៈសំណង់ ដែលកម្រឃើញមានក្នុងស្ថាបត្យកម្មខ្មែរ។ ខាងកើតប្រសាទប្រមាណ ៤០០ម៉ែត្រ មានបារាយណ៍ធំមួយ មានបណ្តោយ ១,២០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។
ផ្អែកតាមរចនាសម្ព័ន្ធរបស់ប្រាសាទ និងភស្តុតាងជាច្រើនដែលនៅសល់ ក្នុងតំបន់នេះយើងអាចដឹងថាប្រាសាទនេះសាងនៅសតវត្សទី១០ នៃគ.ស និងបានជួសជុលកែលម្អឡើងវិញនៅសតវត្សទី១១ នៃគ.ស ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ការសន្និដ្ឋាននេះ គឺយោងតាមសិលាចារិកដែលចារនៅលើមេទ្វារនេះ។ បើតាមសិលាចារឹកនៅលើមេទ្វារនៃប្រាសាទភ្នំសណ្តកក៏បាននិយាយអំពីព្រះរាជគ្រូរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដែលព្រះអង្គបានបញ្ជាឱ្យមកជួសជុលប្រាសាទ និងចារសិលាចារឹកនៅប្រាសាទនោះផងដែរ។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រាសាទនានាស្ថិតនៅក្នុងតំបន់ការពារធម្មជាតិជាក់ស្តែងប្រាសាទចិនស្រម គឺជាផ្នែកមួយនៃការបំពេញបន្ថែមដំណើរទស្សនកិច្ចភ្ញៀវទេសចរ នៅក្នុងតំបន់អភិរក្សសត្វព្រៃគូលែន-ព្រហ្មទេព នេះផងដែរ។
លោកបានឱ្យដឹង ក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិទាំងមូល ហើយនៅស្ទើរគ្រប់កន្លែងក្នុងតំបន់ការពារធម្មជាតិតែងតែមានប្រាង្គប្រាសាទ ប៉ុន្តែ ការងារការពារ អភិរក្សផ្នែកប្រាសាទមិនមែនជាតួនាទីរបស់ក្រសួងបរិស្ថាននោះទេ គឺជាតួនាទីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដោយក្រសួងទាំងពីរ បានសហការគ្នាដើម្បីការពារប្រាង្គប្រាសាទដែលមានក្នុងតំបន់ការពារធនធានធម្មជាតិជារួម ប៉ុន្តែ ក្រសួងវប្បធម៌ជាអ្នកទទួលខុសត្រូវការជួសជុលប្រាង្គប្រាសាទ និងអភិរក្ស។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «នៅក្នុងតំបន់ការពារធនធានធម្មជាតិ មិនមែនសម្បូរតែព្រៃឈើ និងសត្វព្រៃនោះទេ ប៉ុន្តែ ក៏មានបេតិកភណ្ឌវប្បធម៌ ដែលជាកេរ្តិ៍ដំណែលដូនតារបស់យើង ទាំងអស់នេះគួរតែអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ខេត្តគម្បីសិក្សាបន្ថែមពីអ្វីដែលជាសក្តានុពលទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន ដើម្បីបង្កើនជម្រើសថ្មីសម្រាប់ទេសចរណ៍ ក្រៅពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ...!»។
បើតាមឆ្មាំយាមប្រាសាទចិនស្រម បានឱ្យដឹងថា ប្រាសាទនេះ មិនសូវបានភ្ញៀវទេសចរមកទស្សនានោះទេ ដោយសារតែមិនសូវមានអ្នកស្គាល់ ព្រមទាំងការធ្វើដំណើរឆ្ងាយ និងផ្លូវមានការលំបាកជាដើម។
ដោយឡែកលោក គង់ វិបុល ប្រធានមន្ទីរទេសចរខេត្តព្រះវិហារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ប្រាសាទចិនស្រម ឬប្រាសាទជាន់ស្រាំនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ កន្លងមកមន្ទីរទេសចរខេត្ត អាជ្ញាធរជាតិព្រះវិហារ និងសហគមន៍ បានធ្វើការសហការជាមួយគ្នាក្នុងគោលដៅពង្រឹងសេវាកម្មទេសចរ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្សព្វផ្សាយឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ពីប្រាសាទមួយនេះជារឿយៗ មានភ្ញៀវទេសចរតែងតែទៅលេងកម្សាន្តដែរ នៅរដូវប្រាំង ដោយសារនៅរដូវវស្សាផ្លូវពិបាកធ្វើដំណើរ។
លោកប្រធានមន្ទីរ បានបន្តទៀតថា នៅរង្វង់មូលលោកតាសួង ក្នុងស្រុកគូលែន គឺលោកបានលើកស្លាកមួយបង្ហាញពីសហគមន៍ព្រៃវែង ដែលមានគោលដៅទេសចរ ដែលភ្ញៀវជាតិ និងអន្តរជាតិអាចទៅលេងកំសាន្តបាន ក្រៅពីទស្សនាប្រាសាទ គឺយើងអាចទស្សនាសត្វផងដែរ៕