(ភ្នំពេញ)៖ ប្រទេសជប៉ុន ធ្លាប់ជាម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា លើផ្នែកសម្ភារការិយាល័យ និងសន្តិសុខអគារ នៅមុនពេលដែលមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសទទួលស្វាគមន៍ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោក រួមមានលោក ម៉ូរី ណូប៊ូ លេខាទី១ អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៉ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ដំណើរទស្សនកិច្ចចាប់ផ្តើម ដោយការផ្តល់ព័ត៌មានលម្អិតអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយលោក ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ។
ផ្ទាំងព្រះឆាយាល័ក្ខណ៍ពិព័រណ៍ និងភ្លេង បានរំឭកដល់ព្រះរាជប្រវត្តិស្នេហារវាងសម្តេចឪ និងសម្តេចម៉ែ ដែលបានកត់ត្រាទុកអំពីជំពូកមួយដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» នៅក្នុងសៀវភៅ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍»។
ជំពូកនេះលើកឡើងអំពីចម្រៀងពីរបទគឺ «រាត្រីដែលបានជួបភ័ក្ត្រ» ជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋសម្រាប់ព្រះរាជពិធីវិវាហមង្គលនៃទ្រង់ទាំងពីរ និងបទ «ម៉ូនីកា» ប្រទានដល់សម្តេចម៉ែ ដើម្បីសម្តែងព្រះរាជហឫទ័យស្នេហារបស់ព្រះអង្គចំពោះទ្រង់។
ចាប់តាំងពីរៀបអភិសេកមក សម្តេចម៉ែតែងតែនៅក្បែរព្រះកាយរបស់ព្រះស្វាមីគ្រប់ពេល ដោយឆ្លងកាត់នូវអនុស្សារីយ៍ផ្អែមល្វីងជូរចត់រួមគ្នា ដូចនៅក្នុងព្រះឆាយាល័ក្ខណ៍បានបង្ហាញ។ នេះគឺជារឿងស្នេហាអមតៈយកឈ្នះរាល់ឧបសគ្គនិងមិនប្រួលប្រែ ដែលកើតមានក្នុងព្រះជីវិតពិតរបស់ទ្រង់។
បន្ទាប់មក លោក ឆាំង យុ បានបង្ហាញដល់ភ្ញៀវកិត្តិយសនូវបណ្ណាល័យ និងបរិក្ខារដែលរួមមានដូចជា ម៉ាស៊ីនផ្ទុកឯកសារទម្រង់ជាឌីជីថល ឯកសារទម្រង់ដើម ឯកសាររូបថត ឯកសារវីដេអូ និងឯកសារជាសំឡេងនានា។
លោក ឆាំង យុ បានរៀបរាប់យ៉ាងលម្អិតអំពីបេសកកម្មយូរអង្វែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការលើកកម្ពស់យុត្តិធម៌ ការចងចាំ និងការផ្សះផ្សាតាមរយៈការប្រមូលចងក្រងភ័ស្តុតាងជាប្រវត្តិសាស្រ្តទាក់ទងនឹងអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលក្រុមការងារបាននិងកំពុងបន្តអនុវត្ត។
លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០។
លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ តំណាងឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបន្សល់ទុកចំណារ អនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ «សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរូបខ្ញុំ និងសហការរីរបស់ខ្ញុំមកកាន់បណ្ណាល័យដ៏ស្រស់ស្អាតក្នុងថ្ងៃនេះ។ ខ្ញុំមានការកោតស្ងប់ស្ងែងយ៉ាងខ្លាំងចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំគិតថាបណ្ណាល័យនេះ គឺជាការចូលរួមចំណែកដ៏វិសេសវិសាលមួយ សម្រាប់អនាគតមនុស្សជំនាន់ក្រោយទូទាំងពិភពលោក»៕