(បាត់ដំបង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសិក្ខាសាលា ស្តីពីផលប៉ះពាល់ដីចំណីផ្លូវក្នុងរាជធានី ខេត្ត ក្រុង និងទីប្រជុំជន នៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក យិត បុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ងួន រតនៈ អភិបាលស្តីទីខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ នាយកដ្ឋានជំនាញ ប្រធានមន្ទីរជំនាញខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនានា កងកម្លាំង អាជ្ញាធរស្រុក ក្រុងឃុំសង្កាត់សរុបប្រមាណជិត៣០០នាក់។
លោក ងួន រតនៈ អភិបាលស្តីទីខេត្តបាត់ដំបង ដែលបានបញ្ជាក់ពីផលវិបាក រយៈពេលកន្លងមកប្រជាពលរដ្ឋ បានមកតាំងទីលំនៅតាមចិញ្ចើមផ្លូវដីចំណីផ្លូវ ទីប្រជុំនានា ដែលធ្វើឲ្យប៉ះពាល់ដីរដ្ឋទាំងនោះ ហើយក៏ធ្វើឲ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ជួបការលំបាក និងតែងតែរកដំណោះស្រាយបានសម្រេច ជាបន្តបន្ទាប់កន្លងមក ហើយអាជ្ញាធរតែងតែ សហការជាមួយស្ថាប័នពាក់ព័ន្ធ គ្រប់ពេលវេលាផងដែរ។
លោក យិត បុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងបានសហការជាមួយមន្ទីរជំនាញ ក្រោមការសម្របសម្រួល និងសហការពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើសិក្ខាសាលានេះឡើង ក្នុងគោលបំណងធ្វើបទបង្ហាញ ពីការលំបាក និងការងារស្រួលពេលចុះ អនុវត្តការងារ និងដើម្បីសិក្សា ក្តាប់ព័ត៌មាន ពីមូលដ្ឋានឲ្យបានច្បាស់លាស់ ព្រមទាំងមានវិធីសាស្រ្ត និងរកគន្លិះចាត់វិធានការណ៍ ឲ្យបានសមស្របតាមគោលការណ៍ច្បាប់ផងដែរ៕