(ភ្នំពេញ)៖ បន្ទាប់ពីបើកការស្រាវជ្រាវក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា អ្នកគ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានយកលុយពីសិស្សមួយខែ៦ម៉ឺនរៀល ដូចអ្វីដែលអាណាព្យាបាលសិស្សបានលើកឡើង។ ជាវិធានការវិន័យអ្នកគ្រូរូបនេះ ត្រូវបានផ្លាស់ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក ឱ្យទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខវិញ។
វិធានការវិន័យចំពោះអ្នកគ្រូរូបនេះ បានកើតមានឡើងបន្ទាប់ពីពេលថ្មីៗនេះ អាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀននៅសាលាមួយនេះ បង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់ ៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូជាដើម។
យោងតាមហ្វេសប៊ុក ឈ្មោះ Buthoeun Ev បានផ្សព្វផ្សាយថា កូនរបស់គាត់ត្រូវបានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុកដេញចេញពីថ្នាក់ ដោយសារតែកូនរបស់គាត់ពុំបានរៀនគួរបន្ថែមម៉ោង។ បុរសរូបនេះបានសរសេរនៅលើហ្វេសប៊ុកទៀតថា បើមិនរៀនគួរបន្ថែមម៉ោងទេ គ្រូបង្រៀនតម្រូវឱ្យកូនរបស់គាត់បង់លុយចំនួន ៦ម៉ឺនរៀលក្នុង១ខែជាការដឹងគុណគ្រូ។
អាណាព្យាបាលសិស្សម្នាក់ទៀត ដែលមានហ្វេសប៊ុក ឈ្មោះ SreyNeth SreyNeth បានលើកឡើងដូចគ្នានេះដែរថា កូនប្រុសពៅរបស់គាត់រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាសន្ធរម៉ុក ក៏ត្រូវបានគ្រូទារលុយចំនួន ៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ និងថ្លៃទឹកភ្លើងចំនួន ២ម៉ឺនរៀលទៀត។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រោមកិច្ចសហការរវាងសាលា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរកឃើញនូវការប្រព្រឹត្តកំហុសឆ្គងរបស់អ្នកគ្រូរូបនេះដូចនឹងអ្វីដែលអាណាព្យាបាលសិស្សបានលើកឡើងប្រាកដមែន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ក្រោមកិច្ចសហការរវាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាសន្ធរម៉ុកដោះស្រាយបញ្ហាមិនប្រក្រតីខាងលើនេះ គ្រូបង្រៀនកម្រិតបឋមបម្រើការងារនៅសាលាបឋមសិក្សាសន្ធរម៉ុក ខណ្ឌទួលគោក ត្រូវបានផ្លាស់ឱ្យទៅបម្រើការងារនៅសាលាបឋមសិក្សាសែនសុខ ខណ្ឌសែនសុខ»។
លោកបន្ថែមថា «ជាទូទៅនៅពេលមានភាពមិនប្រក្រតីគ្រឹះស្ថានសិក្សាទូទាំងប្រទេសកម្ពុជា គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាលដើម្បីដោះស្រាយទៅតាមទិដ្ឋភាព ហើយអាចមានការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដោះស្រាយនៅតាមមូលដ្ឋានទិដ្ឋភាពអប់រំ យុវជន និងកីឡា»។
លោក រស់ សុវាចា បានឱ្យដឹងថា ជាទូទៅនៅពេលមានគ្រូបង្រៀនរូបណាប្រព្រឹត្តខុសពីគោលការណ៍របស់ក្រសួងណែនាំនោះ នឹងត្រូវរងពិន័យផ្នែករដ្ឋបាលដូចជា អាចជាការស្តីបន្ទោសលាយលក្ខណ៍អក្សរ អាចជាការចុះកិច្ចសន្យាក្រោយការប្រព្រឹត្តមិនប្រក្រតី ឬមួយក៏ការផ្លាស់ប្តូរកន្លែងធ្វើ ឬអាចឈានទៅដល់លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមលោក រស់ សុវាចា អ្នកគ្រូរូបបង្រៀនជំរិតយកលុយសិស្សនេះ ធ្លាប់បានប្រព្រឹត្តកំហុសឆ្គងបែបនេះនាពេលកន្លងទៅផងដែរ ហើយសាលា និងមន្ទីរអប់រំ ធ្លាប់បានធ្វើការស្តីបន្ទោស និងធ្វើកិច្ចសន្យា។
លោក រស់ សុវាចា បានលើកឡើងថា ការផ្លាស់ប្តូរសាលាបង្រៀនជាវិធានការវិន័យធ្ងន់ធ្ងរមួយកម្រិតទៀត សម្រាប់អ្នកគ្រូបង្រៀនរូបនេះ។ បើគាត់នៅតែបន្តប្រព្រឹត្តខុសឆ្គងបែបនេះទៀត អាចនឹងប្រឈមចំពោះការលុបឈ្មោះចេញពីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ពង្រឹងគុណភាពគ្រូបង្រៀន ដោយលើកកម្ពស់គុណវុឌ្ឍិ និងប្រាក់ខែរបស់គ្រូបង្រៀនជារៀងរាល់ឆ្នាំ។
លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៥ ប្រាក់ខែគ្រូបង្រៀនស្ថិតចន្លោះពី ៥សែនរៀល ទៅ ១លាន ២សែនរៀល។ នៅឆ្នាំ២០២០ ប្រាក់ខែគ្រូបង្រៀនស្ថិតនៅចន្លោះ ១លាន ២សែនរៀល ទៅ ២លាន ១សែនរៀល។
លោក រស់ សុវាចា បានឱ្យដឹងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការជាមួយភាគីពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រាក់ខែរបស់គ្រូបង្រៀនឱ្យកាន់តែខ្ពស់៕