(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំការងារសំខាន់ៗមួយចំនួន ដើម្បីពិនិត្យតាមដានលើគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានទទួលការអនុម័តដោយរាជរដ្ឋាភិបាល និងសិក្សាគម្រោងផ្សេងៗសម្រាប់អនុវត្តជាបន្តទៀតនាឆ្នាំខាងមុខ។
ការដឹកនាំប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងកែលម្អស្ទឹងសៀមរាប ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ ដើម្បីពិភាក្សាផ្តល់យោបល់ ក្នុងការរក្សាឱ្យបាននូវតម្លៃជាប្រវត្តិសាស្រ្តរបស់ស្ទឹងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងឱ្យក្លាយជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
បន្ថែមទៀតនោះ អង្គប្រជុំក៏បានពិនិត្យការអនុវត្តគម្រោងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងស្វែងរកដំណោះស្រាយនានា ក្នុងន័យពន្លឿនការងារឲ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក ហង់ ពៅ ក៏បានផ្តល់អនុសាសន៍ដល់សហការីលើទិសដៅអនាគត ថាគម្រោងអ្វីខ្លះដែលត្រូវធ្វើបន្តទៀត ដែលតម្រូវឱ្យអ្នកបច្ចេកទេសយកទៅសិក្សាលម្អិត ដើម្បីយកមកអភិវឌ្ឍន៍ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕