(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានជំរុញឱ្យសហគមន៍ ត្រូវតែជំរុញឱ្យប្រជាកសិករ បង្កើនការដាំដុះឱ្យ បានច្រើនចៀសវាងទុកដីឱ្យនៅទំនេរ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ របស់ខ្លួនឱ្យក្លាយទៅជាសហគមន៍ពណ៌បៃតង ជាពិសេសការងារបច្ចេកទេសដាំដុះស្វែងរក ទីផ្សារជូនពួកគាត់ និងលើកទឹកចិត្តឱ្យកសិករចូលរួមកែច្នៃសហគមន៍ឱ្យក្លាយជាសហគមន៍ទេសចរណ៍សម្រាប់បង្កើនមុខរបរ ជីវភាពរបស់ពួកគាត់ ឱ្យប្រសើរជាងមុន។
លោក វណ្ណៈ សោភានិត បានថ្លែងជំរុញដូចនេះនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញផ្ទេរសមិទ្ធផលបន្តនៃគម្រោងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ក្នុងវិស័យកសិកម្ម និងគម្រោងលើកកម្ពស់ទីផ្សារ សម្រាប់កសិករខ្នាតតូច ជូនអាជ្ញាធរ ឃុំ ស្រុក ដោយមានចូលរួមពីលោក សោម សុភ័ក្រ នាយកអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) លោក លោកស្រី អាជ្ញារឃុំទួលគ្រើល និងឃុំសាលាវិស័យ ព្រមទាំបណ្តាអង្គការជាដៃគូ និងប្រជាពលរដ្ឋប្រមាណជា ៦០នាក់ នៅក្នុងបរិវេន សាលាស្រុកប្រាទបល្ល័ង្គ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក វណ្ណៈ សោភានិត បានថ្លែងអំណរអរគុណចំពោះអង្គការដៃគូ ដែលបានចូលរួមជួយអភិវឌ្ឍន៍កែប្រែជីវភាពប្រជាពលរដ្ឋតាមរយៈការចង់ក្រងក្រុមសន្សំបង្កើត ការដាំដុះកសិកម្មចំរុះ ជាពិសេសអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដែលបានជួយបង្រៀន និងបង្ហាត់បង្ហាញនូវបច្ចេទកទេសល្អៗក្នុងការដាំដុះ និងការចិញ្ចឹម សត្វ អ្វីដែលពិសេសនោះគឺការបង្កើតឱ្យប្រជាពលរដ្ឋចេះចងក្រងជាក្រុមដើម្បីដាក់ទុនឱ្យគ្នាខ្ចី ក្នុងការបង្កើនទុនរកស៊ី ព្រមទាំងចេះដោះស្រាយបញ្ហា ដែលកើតមានឡើង នៅពេលជួបវិបត្តិ ព្រមទាំងជួយលើកទឹកចិត្តដល់ស្រ្តីអោយចេះចូលរួមជាមួយកិច្ចការងារសង្គម និងចេះរៀបចំហិរញ្ញវត្ថុ និងបង្កើតមុខរបរខ្នាតតូចសម្រាប់គ្រួសារ។
លោកបានបន្ថែមថា ពេលនេះអង្គការបានប្រគល់កិច្ចការទាំងនេះឱ្យមកអាជ្ញារធរសហគមន៍ជាអ្នកគ្រប់គ្រង ដូច្នេះហើយក្នុងនាមជាអ្នកគ្រប់គ្រងត្រូវតែយកចិត្តទុកដាក់ ឱ្យបានខ្ពស់បន្តពីអង្គការដែលបានជួយជ្រុមជ្រែញកន្លងមក។ លោកក៏បានសំណូមពរដល់អង្គការជាដៃគូ ឱ្យចូលស្វែងរកជំនួយបច្ចេកទេសផ្សេងៗ ដើម្បីចាប់យក សហគមន៍ផ្សេងទៀតនៃស្រុកបា្រទបល្ល័ង្គធ្វើការអភិវឌ្ឍន៍បន្តទៀត។
លោក សោម សុភ័ក្រ បានឲ្យដឹងថាការផ្ទេរសមិទ្ធិផលបន្តទៅដល់អាជ្ញាធរ ឃុំ ស្រុក និងការដកថយគម្រោងនេះ គឺមានគោលបំណងដើម្បីឲ្យអាជ្ញាធរមាន ការទទួលស្គាល់ លើសមិទ្ធផលសំខាន់ៗ ដែលបានសម្រេចក្នុងការអនុវត្តគម្រោងវីនឹងគម្រោង IMSF ទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីមានវិធានការគាំទ្របន្តបន្ទាប់។
ការបង្កើនទំនាក់ទំនងកាន់តែប្រសើរឡើងរវាងអាជ្ញាធរពាក់ព័ន្ធ នឹងសហគមន៍ដូចជាក្រុមសន្សំប្រាក់ ក្រុមផលិត និងតំណាងសហគមន៍ដែលមានស្រាប់ ដើម្បីឲ្យអ្នក ចូលរួមយល់ពីសារៈសំខាន់នៃការផ្ទេរបន្ត និងការបង្កើនការទទួលខុសត្រូវដល់អ្នកពាក់ព័ន្ធនឹងសហគមន៍ ក្រុមគោលដៅសហគមន៍កសិកម្ម ក្រុមសន្សំប្រាក់ ក្រុមផលិតជាដើមដើម្បីឱ្យមាននិរន្តរភាព៕