(ភ្នំពេញ)៖ រដ្ឋាភិបាលចិន នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែរលូន និងរួមចំណែកកាន់តែសំខាន់ក្នុងការយកឈ្នះសង្គ្រោមប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយនឹងបន្តជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញឱ្យកាន់តែឆាប់រហ័ស។ នេះបើតាម លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ការអះអាងបែបនេះរបស់ លោក វ៉ាង វិនធាន បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរអគ្គរដ្ឋទូតចិនរូបនេះ បានបញ្ជាក់ថា មិត្តភាពដេកថែបរវាងកម្ពុជា-ចិន ពិតជាមានភាពជ្រាលជ្រៅបំផុត និងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រចិន និងកម្ពុជា។
លោក វ៉ាង វិនធាន បានបង្ហាញជំនឿជឿជាក់ថា៖ «ក្រោមការខិតខំប្រឹងប្រែងរវាងកម្ពុជា-ចិន ប្រទេសចិននឹងជួយដល់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែរលូន និងរួមចំណែកកាន់តែសំខាន់ក្នុងការយកឈ្នះសង្គ្រោមប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយជួយប្រទេសកម្ពុជា ស្តារសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែឆាប់រហ័ស»។
ជាមួយនឹងការប្រកាសផ្តល់វ៉ាក់ការពារជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា អគ្គរដ្ឋទូតចិន បានឱ្យដឹងថា រដ្ឋាភិបាលចិន ក៏បានបញ្ជូនអ្នកឯកទេសវេជ្ជសាស្ត្រចំនួន៤រូប មកជួយបណ្តុះបណ្តាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសក្នុងវិស័យវេជ្ជសាស្ត្រនៃប្រទេសទាំងពីរ ហើយអ្នកជំនាញទាំង៤រូបនេះ ក៏បណ្តុះបណ្តាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកក្រុមគ្រូពេទ្យកម្ពុជាផងដែរ។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះត្រូវតែបន្តសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ប្រទេសចិននឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យការពារជំងឺកូវីដ-១៩ ដើម្បីជំរុញវ៉ាក់សាំងចិន ជាផលិតផលសាធារណៈ ធ្វើឱ្យបណ្តាប្រទេសកំពុងអភិឌ្ឍន៍ នឹងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញផ្តល់ឱ្យមានការគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានចំពោះប្រទេសដែលត្រូវការវ៉ាក់សាំង និងនាំក្តីសង្ឃឹមមកដល់ប្រទេសកំពុងអភិឌ្ឍន៍ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។ រហូតដល់ពិភពលោកទាំងមូលបានយកឈ្នះសង្គ្រាមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រ មកធ្វើការបណ្តុះបណ្តាល បំពាក់បំប៉នក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភឧបករណ៍សម្ភារជូនមន្ទីរពេទ្យមួយចំនួន នៅតាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ តាំងពីឆ្នាំ២០២០ កន្លងមក ដើម្បីការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ បើទោះបីពិភពលោកកំពុងប្រឈមនឹងការគម្រាមកំហែង នៃការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសចិន ជាប្រទេសមិត្តភ័ក្ត្រមួយដ៏ល្អជាងគេដែលបានជួយគាំទ្រដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងនោះក្រសួងការពារជាតិ បានទទួលការគាំទ្រឧបត្ថម្ភពីក្រសួងការពារប្រទេសចិនជាបន្តបន្ទាប់ ទាំងថវិកា ឧបករណ៍ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ រឹង ពិសេសការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទដូចជា៖ ការយកសំណាក ការរៀបចំទីកន្លែងធ្វើចត្តាឡីស័ក ព្រមទាំងការងារបច្ចេកទេសផ្សេងៗទៀតពាក់ព័ន្ធទៅនឹងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានបានជូនដំណឹងថា នាពេលដ៏ខ្លីខាងមុខនេះ វ៉ាក់សាំងការពារជំងឺកូវី-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយបន្ទាន់របស់ចិនមកកម្ពុជា នឹងដឹកមកដល់ រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាពពិតរវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងក្លាយជាកេរតំណែលមួយនៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិ ដែលនឹងត្រូវបន្តទៅរាប់រយពាន់ឆ្នាំ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ «ជាមិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» និងជាមិត្តដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «និយាយតិច ធ្វើច្រើន»៕