(កំពត)៖ តំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានផ្ទៃដីសរុប ២១៧ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។
តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ឬកុកក្រៀល ឬកុកទេព (Sarus Crane)។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជាសត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ផងដែរ។
មានទីតាំងស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត តំបន់ការពារទេសភាពអន្លង់ព្រីង មិនត្រឹមតែជាទីជម្រកសម្រាប់សត្វក្រៀលទេ តែក៏ជាតំបន់ទេសចរណ៍របស់ពួកវាសម្រាប់រដូវក្តៅថែមទៀត។ ដើម្បីទៅកម្សាន្តតំបន់នេះ បើគេធ្វើដំណើរពីទីរួមខេត្តកំពត ត្រូវចេញដំណើរទៅទិសខាងកើត មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ។
នៅតំបន់ការពារទេសភាពអន្លង់ព្រីង បច្ចុប្បន្ននេះតាមតួលេខបណ្តោះអាសន្នមានប្រមាណជាង ៧០ក្បាល តែចំនួននេះអាចនឹងមានការកើនឡើង ពេលដល់រដូវសត្វក្រៀលមកតំបន់ខាងលើ។ នេះបើតាមខ្លឹមសារជំរឿនបណ្តោះអាសន្ន ដែលមន្ត្រីប្រចាំការនៅតំបន់ការពារទេសភាពអន្លង់ព្រីង ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលបានចុះដល់ទីតាំងធម្មជាតិនេះផ្ទាល់។
ក្នុងពេលទស្សនាសត្វក្រៀលនោះ មន្ត្រីដដែលប្រាប់ថា ការផ្តិតយករូបសត្វក្រៀលទៀតសោត ក៏កាន់តែពិបាកទៀត គឺត្រូវរកអ្នកជំនាញថតរូប ដោយដាក់កាមេរ៉ាថតរូបចោលតែប៉ុណ្ណោះ។ ក្រៅពីនោះ មានតែការថតរូបចេញពីកែវពង្រីក ដែលដាក់សម្រាប់ឲ្យភ្ញៀវទេសចរ អាចមើលរូបសត្វក្រៀល និងសត្វស្លាប ដែលមានក្នុងតំបន់នោះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វក្រៀល គឺជាសត្វស្លាបមួយប្រភេទសម្បុរប្រផេះ ចំពុះវែង កវែង ក្បាលត្រងោល ហើយវាជាប្រភេទសត្វដ៏កម្រមួយនៅលើពិភពលោក។ សត្វក្រៀលចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅដែលជាតំបន់ដីសើម និងចូលចិត្តចឹកស៉ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗ។ នៅរដូវប្រាំងវារកស៉ីជាហ្វូង ឯរដូវវស្សាវាបន្តពូជតែឯកឯង។ សត្វក្រៀលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម។
នៅក្នុងប្រទេសកម្ពុជា សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូ ឬគ្រួសារ ចំនួនពី២ក្បាល ទៅ ៣ក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត) ជាដើម។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងបន្ថែមថា សត្វក្រៀលអាចពងកូនបាន១ ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។ សត្វមេអាចក្រាបពងរវាង ៤ទៅ៥សប្តាហ៍ ទើបអាចឲ្យកូននោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ។
សត្វក្រៀល ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះបានខ្ពស់ជាងគេ ក្នុងចំណោមបក្សីទាំងអស់ដែលមានវត្តមាននៅក្នុងភពផែនដីនេះ។ សត្វនេះមានក្បាលពណ៌ក្រហម ហើយអាចរស់បានរហូតដល់ ៨០ឆ្នាំ។ សត្វក្រៀលត្រូវបានរកឃើញមាននៅតំបន់ឆ្នេរក្នុងភូមិភាគអាស៉ីអាគ្នេយ៍ និងភាគខាងជើងមួយចំនួននៃប្រទេសឥណ្ឌា។
ក្រសួងបរិស្ថាន បានបន្ថែមថា សត្វក្រៀលដែលនៅសល់ក្នុងភូមិភាគអាស៉ីអាគ្នេយ៍ត្រូវបានគេរកឃើញថា មានវត្តមាននៅក្នុងប្រទេសកម្ពុជា និងតំបន់មួយចំនួននៃប្រទេសឡាវ និងវៀតណាម។ ប្រសិនបើលោកអ្នកចង់ទៅទស្សនាលក្ខណៈសម្បត្តិរបស់សត្វក្រៀលដ៏កម្រនេះ លោកអ្នកអាចធ្វើដំណើរទៅកាន់តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង ដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ឬដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ឬតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។
សម្រាប់សត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង មួយចំនួនហើរទៅរកចំណីនៅតំបន់ភ្នំទឹក និងតំបន់ភ្នំតូច ដែលមានផ្ទៃបឹងដ៏ធំ រហូតដល់ទំហំជាង ៦០០ហិចតា។ ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានច្បាស់ការណ៍ជាច្រើន បង្ហើបមកថា តំបន់ភ្នំទឹក និងភ្នំតូច មានការទិញលក់ដីយ៉ាងផុលផុស ដែលថ្ងៃអនាគតនឹងមានការលុបបឹង ដែលមិនអាចឲ្យសត្វក្រៀលទៅរកចំណីនៅទីនោះបានទៀតទេ។ ប្រការនេះហើយ ទើប្រជាពលរដ្ឋចង់ឃើញរាជរដ្ឋាភិបាល ដាក់បញ្ចូលតំបន់ភ្នំទឹក និងភ្នំតូច ជាតំបន់អភិរក្សធនធានធម្មជាតិដូច តំបន់ការពារទេសភាពអន្លង់ព្រីង ផងដែរ៕
Fresh News សូមបង្ហាញវីដេអូសត្វក្រៀល ដែលត្រូវថតចេញពីកែវពង្រីក និងផ្សាយរូបភាពដែលផ្តល់ដោយក្រសួងបរិស្ថាន ដូចខាងក្រោមនេះ៖