(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម ត្រូវនឹងថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖

១៖ ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការ ៣កុំ គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា ព្រមជាមួយការត្រួតពិនិត្យកំដៅ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

២៖ បង្កើនការគ្រប់គ្រងគោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានម៉ត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។

៣៖ ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីអប់រំណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន-អនាម័យ លុបបំបាត់ការបោះចោលសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាសក្រោមតុ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក រក្សាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

៤៖ ត្រូវសហការណែនាំ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងថ្លៃដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៥៖ ចាត់តាំងក្រុមការងារចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ។

មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានាជាប្រចាំថ្ងៃ រួចផ្ញើមកក្រសួងទេសចរណ៍ (នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ឬតេឡេក្រាម ០១៥ ៥០៩ ៨១៨)៕