Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាគ្រោងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនទៀត លើពិភពលោក (Video inside)

03-02-2021 17:22

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន២ប្រទេសរួចហើយ គឺប្រទេសចិន និងប្រទេសកូរ៉េ ដោយរង់ចាំតែការចុះហត្ថលេខាចូលជាធរមានប៉ុណ្ណោះ ប៉ុន្ដែបន្ទាប់ពីប្រទេសទាំង២នេះ កម្ពុជាក៏មានគម្រោងចរចា FTA ជាមួយបណ្ដាប្រទេសជាច្រើនទៀតផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី ការបិទបញ្ចប់ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា «ក្រៅពីប្រទេសទាំង២ [ចិន និងកូរ៉េខាងត្បូង] កម្ពុជាមានគម្រោងជំរុញចរចា FTA ជាមួយប្រទេសរុស្សី, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU), ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស។ កម្ពុជាមិនអាចបញ្ជាក់បានឡើយថា ប្រទេសទាំងនេះនឹងគ្រោងដំណើរការ ការចរចានៅពេលណាទេ ប៉ុន្ដែយើងកំពុងធ្វើការងារនេះ ជាបណ្ដើរៗហើយ ព្រោះកិច្ចការទាំងនេះត្រូវការរយៈពេល មិនអាចធ្វើបានភ្លាមៗឡើយ»

លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី កម្ពុជាមានឆន្ទៈក្នុងការបើកទីផ្សារឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល ក្នុងការនាំផលិតផលចេញទៅទីផ្សារអន្ដរជាតិ ក៏ដូចជាការរៀបចំឲ្យមានស្ដង់ដារគ្រប់គ្រាន់ និងមានតុល្យភាពជញ្ចីងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានបន្ថែមថា កិច្ចព្រមព្រៀង FTA នេះ គឺលើកទី១របស់កូរ៉េ ជាមួយប្រទេសអភិវឌ្ឍន៍តិចតូច។ ប្រទេសអភិវឌ្ឍន៍តិចតួច មួយចំនួនមិនចង់ធ្វើ FTA ទ្វេភាគីឡើយ ប៉ុន្ដែកម្ពុជាមានឆន្ទៈក្នុងការទាក់ទាញ ប្រទេសនីមួយៗមកធ្វើ FTA ចរចាទ្វេភាគីជាមួយកម្ពុជា កិច្ចការនេះជាកិច្ចការមួយ ដែលមិនទាន់មានក្នុងប្រវត្តិសាស្រ្ដ ក្នុងការចរចា FTA ព្រោះប្រទេសភាគច្រើន ចូលចិត្តសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ប៉ុន្ដែកម្ពុជាខំប្រឹងជួយប្រទេសជាតិ ឲ្យមានភាពរីចម្រើនរុងរឿង និងលឿនបំផុត។

សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ចំណែកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូងនៅថ្ងៃនេះ ហើយគ្រោងនឹងចុះកិច្ចព្រមព្រៀងផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ៕