(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ ឆឹម លក្ខិណា និងឈ្មោះ បូ សេរីរត្ន័ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីចេញសែកដោយគ្មានទឹកប្រាក់ ពោលគឺចេញមូលទានបត្រ័គ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។
របាយការណ៍សមត្ថកិច្ចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ឈ្មោះ ឆឹម លក្ខិណា និងឈ្មោះ បូ សេរីរត្ន័ បានសារភាពថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ពួកខ្លួនបានខ្ចីប្រាក់ចំនួន ១២៨.៨១០ដុល្លារ ពីឈ្មោះ ហ៊ាង រតនា។ ហើយដើម្បីជាសំណងចំពោះប្រាក់ដែលបានខ្ចី ពួកខ្លួនបានចេញមូលប្បទានបត្រចំនួន០៤សន្លឹកទុកជាសំណង។
ស្ត្រីទាំង២នាក់ បានសារភាពទៀតថា ចំពោះមូលប្បទានបត្រលេខ ៨៥២៥២៦ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន៣៤,៨១០ដុល្លារ របស់ធនាគារអេស៊ីលីដា ដែលចេញឲ្យទៅឈ្មោះ ហ៊ាង រតនា គឺមានប្រាក់ក្នុងគណនី ប៉ុន្តែពុំអាចបើកបាន ដោយពួកនាងខ្ញុំបានចុះហត្ថលេខាលើមូលប្បទានបត្រខុសពីលក្ខន្តិករបស់ធនាគារ។ ហើយរហូតដល់ពេលនេះ ក្នុងគណីពួកខ្ញុំគ្មានប្រាក់ទេ ដូច្នេះប្រាក់ដែលត្រូវសងលោក ហ៊ាង រតនា ពួកនាងខ្ញុំមិនបានសងនៅឡើយទេ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ នៅមុខផ្សារក្រឡាញ់ ខេត្តសៀមរាប តាមដីការបញ្ជារឲ្យចូលខ្លួនលេខ ០៤៧ អ.យ.ខ និងលេខ០៤៨ អ.យ.ខ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកនគបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្នុងការសាកសួររបស់លោកព្រះរាជអាជ្ញរង សឿន មុន្នីរត្ន័ តាមនីតិវិធីច្បាប់៕