(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី, លោកស្រី ស៊ូវណ្ណា ហ្គោនទ្បែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wild Aid) បានថ្លែងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរួមសហការគ្នាជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អស់រយៈពេលជាង១២ឆ្នាំមកហើយ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមានសត្វព្រៃ និងបក្សាបក្សីកើនឡើងច្រើន ពិសេសឃើញមានវត្តមានខ្លាឃ្មុំ៣ក្បាលនៅទីនោះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅដោយមានការចូលរួមពីលោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកព្រៃឈើ, អភិបាលស្រុកព្រៃនប់, អភិបាលស្រុកស្ទឹងហាវ, នាយរងរដ្ឋបាលផ្នែកព្រៃឈើព្រៃនប់ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។
លោកស្រីបន្តថា បំរែបំរួលអាកាសធាតុបានជះឥទ្ឋិពលដល់ព្រៃឈើ ហើយបច្ចុប្បន្ន ព្រៃឈើកំពុងប្រឈមនឹងការកាប់បំផ្លាញពីក្រុមអនាធិតេយ្យខុសច្បាប់។
លោកស្រីបន្ថែមថា នៅលើកំពូលភ្នំក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់, លោកឧបនាយករដ្ឋមន្ត្រីបានសាងសង់ព្រះវិហារ និងរម្មណីដ្ឋាន ដែលមានរូបបដិមាជាច្រើនដែលឆ្លាក់ចេញពីផ្ទាំងថ្មដែលមានស្រាប់នៅទីនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានមនោសញ្ចេតនាស្រឡាញ់ធម្មជាតិ និងព្រៃព្រឹក្សានៅទីនោះកាន់តែខ្លាំងឡើង ដែលជាផ្នែកមួយនៃការជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សា និងអភិរក្សព្រៃឈើ។
ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ, លោកស្រីសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសឧបនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានគាំទ្រដល់ ប្រតិបត្តិការរបស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា ដើម្បីការពារ និងអភិរក្ស ព្រៃឈើ និងសត្វព្រៃ។
លោកស្រីក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងរដ្ឋបាលព្រៃឈើបន្តកិច្ចសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីថែរក្សាព្រៃឲ្យបានគង់វង្ស និងជាជម្រកដល់សត្វព្រៃគ្រប់ប្រភេទ ព្រមទាំងផ្តល់នូវប្រភពទឹក និងបរិស្ថានបៃតងសម្រាប់មនុស្សជាតិ រួមទាំងតម្លៃនៃវប្បធម៌ និងព្រះពុទ្ឋសាសនា សម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយនោះ អភិបាលរងខេត្តព្រះសីហនុ បានសន្យាថា នឹងណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការថែរក្សាព្រៃឈើ និងបន្តត្រួតពិនិត្យជាប្រចាំនូវតំបន់ការពារព្រៃឈើ និងបានស្នើឲ្យអង្គការ Wild Aid បន្តដាំដើមឈើនៅកន្លែងផ្សេងទៀត។
ទន្ទឹមនឹងនោះ អភិបាលស្រុកព្រៃនប់ បានយល់ព្រមបន្តកិច្ចសហការជាមួយអង្គការ Wild Aid និងបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តវិធានការផ្លូវច្បាប់ក្នុងការគាំទ្រដល់សកម្មភាពនៃការការពារព្រៃឈើ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ដឲ្យមានការការពារ ធនធានធម្មជាតិ ដោយផ្តោតការ យកចិត្តទុកដាក់ទៅលើ ការទាញយកកាលានុប្បវត្តភាព នៃការប្រើប្រាស់ធនធាន ធម្មជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ជាមូលដ្ឋានតាមគោលដៅ យុទ្ធសាស្រ្តអភិវឌ្ឍបៃតង ពោលគឺធ្វើការអភិរក្ស ធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ និងធ្វើការអភិវឌ្ឍន៍ ដើម្បីមានកំលាំងសម្រាប់អភិរក្ស។
លោកថា ដូច្នេះការចូលរួមរបស់ អង្គការសម្ព័ន្ធ មិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ផល ប៉ះពាល់បរិស្ថាន និងការ អភិរក្សសត្វព្រៃ និងព្រៃឈើ ពិសេសរក្សាបាននូវធនធានធម្មជាតិ សម្រាប់រាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏ទៃទៀតសម្រាប់ក្មេងជំនាន់ក្រោយ។
ក្នុងនាមរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី សូមគាំទ្រដល់គម្រោងនានា របស់អង្គការសម្ព័នមិត្តសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ ដោយត្រូវសហការជាមួយក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរដែនដី ដើម្បីបន្តថែរក្សាព្រៃឈើ នៅប្រទេសកម្ពុជាឲ្យបានគង់វង្ស។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងមិនផ្តល់ដីក្នុងតំបន់ការពារ និងអភិរក្សាព្រៃឈើ ទៅឲ្យក្រុមហ៊ុនវិនិយោគណាមួយឡើយ។ មិនតែប៉ុណ្ណោះ, ត្រូវថែរក្សាតំបន់នេះ រួមមានទាំងភ្នំ និងទីជម្រាលប្រភពទឹក ដើម្បីការពារព្រៃឈើ និងកសាងវត្តអារាម។ យើងក៏មានកិច្ចសហការគ្នាយ៉ាងល្អជាមួយ រដ្ឋបាលស្រុកទាំងពីរខាងលើ និងរដ្ឋបាលព្រៃឈើ ដើម្បីការពារព្រៃឈើ នៅក្នុងស្រុកទាំងពីរនេះផងដែរ៕