(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីករលេចធ្លោលើការងារមនុស្សធម៌ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ពិសេសថ្មីៗនេះ សម្តេចបានគិតគូរយកចិត្តទុកដាក់ជួយឧបត្ថម្ភផ្តល់ថវិកាដល់ សិល្បករ-សិល្បការិនីក្រីក្រ មានជំងឺ និងបាត់បង់សមត្ថភាព។
តារាសម្តែងរូបសង្ហា លោក អ៉ឹម ជីវ៉ា បានសរសេរលើបណ្តាញសង្គម Facebook ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាមាតាបិតាដ៏ល្អបំផុត ជួយប្រស់ជីវិតឲ្យសិល្បករខ្មែរដែលចាស់ជរាមានជំងឺទីទាល់ក្រ គ្មានទីពឹង ឲ្យមានដង្ហើមដក និងក្តីសង្ឃឹម អាចបន្តជីវិតរស់បានយូរ និងជៀសរួចផុតពីជំងឺ ។
លោក អ៉ឹម ជីវ៉ា បាននិយាយបន្តថា កម្លាំងចិត្តរបស់សម្តេចទាំងពីរ ដែលផ្តល់ឲ្យសិល្បករដែលកំពុងជួបទុក្ខសោកគឺខ្លាំងជាងវេជ្ជបណ្ឌិត ខ្លាំងជាងម៉ីស៊ីលទៅទៀត ព្រោះស្នាមញញឹម និងការយកចិត្តទុកដាក់រស់សម្តេចទាំងពីរ ធ្វើឲ្យសិល្បករចាស់ៗមានស្នាមញញឹមថ្មី សះស្បើយជំងឺផ្លូវចិត្ត និងផ្លូវកាយមួយកំរិតថែមទៀត ។
ជាមួយគ្នានេះដែរតារាសម្តែង លោក អ៉ឹម ជីវ៉ា បានលើកឡើងបន្ថែមថា «សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាទេវតាដែលតែងតែជួយជីវិតប្រជាជន ចេះយល់សុខទុក្ខរបស់ប្រជាជន។ ខ្ញុំពិតជាគោរព ស្រលាញ់សម្តេចទាំងពីរ និងក្រុមគ្រួសារសម្តេចខ្លាំងណាស់។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ អ៉ឹម ជីវ៉ា» ។
សម្តីថ្លែងរបស់ លោក អ៉ឹម ជីវ៉ា ខាងលើនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់ជំនួយដល់សិល្បករ និងសិល្បការិនីដែលកំពុងជួបការខ្វះខាត និងមានជីវភាពក្រីក្រ បាត់បង់សមត្ថភាពដែលដង្ហើយរកជំនួយរស់បន្ថែម៕