(ព្រះសីហនុ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ នៅសលាខេត្តព្រះសីហនុលោក គួច ចំរើន បានលើកឡើងថា ការចេះរៀបចំផែនការការងារ គឺជាចំណុចសំខាន់ណាស់ និងជាផែនទីបង្ហាញទិសដៅជាក់លាក់ក្នុងការអនុវត្តការងាររបស់ខ្លួន។
លោកថា «យើងធ្វើអ្វីក៏ដោយត្រូវតែកំណត់ទិសដៅឲ្យច្បាស់ ថាយើងត្រូវធ្វើផ្តើមចេញពីចំណុចណាទៅចំណុចណា»។
សម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ លោកបានណែនាំមន្ទីរ/អង្គភាព ត្រូវតែដាក់បញ្ចូលទាំងអស់នូវគម្រោងផែនការទាំងឡាយណា ដែលខ្លួនចង់ធ្វើទៅក្នុងគម្រោងផែនការវិនិយោគ៣ឆ្នាំ រំកិលនេះដើម្បីជាត្រីវិស័យការងាររបស់ខ្លួន។
ទន្ទឹមនោះ លោក គួច ចំរើន បានផ្តល់ទស្សនទានថា ដើម្បីទទួលបានជោគជ័យត្រូវផ្តោតលើកត្តា៣យ៉ាង៖
*ទី១៖ ការរៀបចំផែនការច្បាស់លាស់ អាចផ្តល់ចំណែកជោគជ័យបាន ៣០%
*ទី២៖ ការអនុវត្តផែនការដោយយកចិត្តទុកដាក់ អាចមានចំណែកជោគជ័យបាន ៣០%
*ទី៣៖ ក្រៅពីនោះគឺអស្រ័យលើកត្តាចៃដន្យ សំដៅលើវៃឆ្លាតក្នុងការចាត់ចែងដឹកនាំដោះស្រាយតាមភាពជាក់ស្តែង ៤០%។
លោកអភិបាលខេត្ត បានរំលឹកមន្ត្រីទាំងអស់ថា «បើចង់ធ្វើកិច្ចការធំត្រូវហាត់ធ្វើការងារតូចឲ្យបានល្អត្រឹមត្រូវសិន ហ៊ានសម្រេចចិត្ត និងមានឆន្ទៈពិតប្រាកដ»៕