(តាកែវ)៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគបាលខេត្តតាកែវ បានចុះបង្ក្រាបការចែកចាយនំម៉ាក Nabati ក្លែងក្លាយនៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។
ការបង្ក្រាបបានធ្វើឡើង នៅរសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយបានឃាត់ខ្លួនមនុស្សចំនួន ២នាក់ និងភ័ស្តុតាងជានំក្លែងក្លាយ ដែលកំពុងតែធ្វើសកម្មភាពចែកចាយ។
ការចុះបង្រ្កាបនំក្លែងក្លាយខាងលើដឹកនាំដោយលោក ម៉ាត់ យូសុះ ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្ថកិច្ចខេត្តតាកែវ ក្រោមការដឹកនាំសម្របសម្រួលបញ្ជា ផ្ទាល់ពីលោក ទេព មនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
លោក ម៉ាត់ យូសុះ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុនហេង ឌេរី ឌីស្ទ្រីប៊្យូធ័ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខេត្តតាកែវ បានចុះស្ទាក់ចាប់រថយន្តសាំយ៉ុង ពាក់ស្លាកលេខកំពត 2A-1349 និងអ្នកបើកបរឈ្មោះ ចេន ស៉ីមុន ភេទប្រុស អាយុ៤៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ជុំ សុរី ភេទស្រី អាយុ៣២ឆ្នាំ។ ពួកគេត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីត្រួតពិនិត្យបន្ត។
ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានថ្លែងបន្តថា ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញសម្ភាររួមមាន នំម៉ាក nabati ចំនួន ៣៨០កេស។ បើតាមការអះអាងរបស់តំណាងក្រុមហ៊ុន នំទាំងអស់ខាងលើជាទំនិញខុសច្បាប់ ពោលពុំមែនជាទំនិញដែលចេញពីក្រុមហ៊ុនឡើយ ដូច្នេះសមត្ថកិច្ចបានសម្រេចឃាត់រថយន្ត និងសម្ភារខាងលើរក្សាទុកជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាកសួរបំភ្លឺពីអ្នកបើកបរ ដើម្បីបន្តនីតិវិធីតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង៕