(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ការបញ្ជាក់របស់លោក វ៉ាង វិនធាន បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីសំណាក់, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល។
លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ ទោះពីប្រទេសចិន ក៏មានតម្រូវការទាក់ទងនឹងវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែ ប្រទេសចិន បានសម្រេចថានឹងផ្តល់ជូនជាបន្ទាន់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជាជំហ៊ានដំបូងគេ មកដល់ប្រទេសកម្ពុជា ហើយមានផែនការចុងសប្តាហ៍នេះ នឹងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិន ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ»។
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងចំណោមជំនួយវ៉ាក់សាំងរបស់ចិន ដែលដឹកមកកម្ពុជាលើកដំបូង ៦០ម៉ឺនដូសនេះ នឹងត្រូវចាក់ដល់កងទ័ពចំនួន១៥ម៉ឺននាក់ ស្មើនឹង៣០ម៉ឺនដូស។
សម្តេច បានថ្លែងថា «ដឹងទាំងអស់គ្នាហើយ កងទ័ពមានតែ៣០ម៉ឺនទេ បានន័យថា ចែកបានពាក់កណ្តាលជាមួយក្រសួងសុខាភិបាល ដែលត្រូវបំពេញការងារច្រើនដែរ ប៉ុន្តែដំបូងបំផុតគឺទ័ពសិន»។ សម្តេចបានបញ្ជាក់បន្ថែមថា កងទ័ពត្រូវចាក់ទាំងអស់ ហើយបន្តទៀតគឺគ្រួសាររបស់គាត់ និងបន្តទៅអ្នកជុំវិញ។ សម្តេចអះអាងថា ក្រុមសំខាន់ផ្សេងទៀត ដែលត្រូវទទួលវ៉ាក់សាំង គឺមន្រ្តីរាជការ ជាពិសេសកងកម្លាំងប្រដាប់អាវុធ នគរបាល។
កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។
ក្នុងចំណោមជំនួយ១១លានដូសនោះ មានវ៉ាក់សាំង Sinopharm របស់ចិនចំនួន១លានដូស ជំនួយពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី ២៨លានដុល្លារ ស្មើនឹង៣លានដូសផងដែរ។ ចំណែកតម្រូវការ៩លានដូសទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមវ៉ាក់សាំង៩លានដូសនេះ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផងដែរ ប្រសិនបើតម្លៃត្រឹម ៤-៥ដុល្លារ ក្នុង១ដូស ដូចតម្លៃវ៉ាក់សាំងអស់គ្លេស AstraZeneca នាពេលបច្ចុប្បន្ន។ សម្តេចបានបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសម្បុរសជននានា ដែលមានទឹកប្រាក់សរុប៥៧លានដុល្លារនោះ នឹងអាចគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង៕