(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរខេត្តស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបចំទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីលោក ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងការអញ្ជើញចូលរូមពីសំណាក់តំណាងក្រសួងស្ថាប័ន តំណាងអង្គការជាតិ និងអន្តរជាតិលោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ខេត្តស្ទឹងត្រែងជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា ដែលសំបូរទៅដោយសម្បត្តិធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ រ៉ែ ក៏ដូចជាប្រព័ន្ធទន្លេដ៏មានសារសំខាន់ បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ី ទឹកសាបមួយដ៏ចម្បងសម្រាប់មច្ឆាជាតិ និងបានផ្តល់ជាទេសភាពយ៉ាងល្អប្រណិតសម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ខេត្តស្ទឹងត្រែងមានតំបន់រ៉ាមសារមួយកន្លែង គឺតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ដែលជាតំបន់ដីសើមមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ដោយតំបន់នេះស្ថិតនៅចំងាយ៥គីឡូម៉ែត្រ ចាប់ពីទីរួមខេត្តលាតសន្ធឹងតាមបណ្តាលដង ទន្លេមេគង្គពីត្បូងទៅជើង រហូតដល់ព្រំប្រទល់ប្រទេសឡាវ ជាតំបន់សំបូរដោយព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់ និងជាជង្រុកចំណីអាហារដ៏សំបូរបែបពពួកថនិកសត្វ សត្វស្លាបទឹក មច្ឆាជាតិ និងជីវចម្រុះជាច្រើនទៀត។
លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀបចំប្រារព្វទិវានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពាក់ព័ន្ធទៅនិងតំបន់ដីសើម និងជីវៈចម្រុះដល់សាធារណជន។
លោកប្រធានមន្ទីរបន្តថា «ទិវាតំបន់ដីសើម ២ កុម្ភៈ និងធ្វើឱ្យមានការរីកចម្រើនខាងស្មារតី ដោយយល់ពីតម្លៃសេដ្ឋកិច្ច និងសារប្រយោជន៍តំបន់ដីសើម ព្រមទាំងចេះស្រឡាញ់ការពារតំបន់ដីសើមចេះស្រឡាញ់ព្រៃលិចទឹក មច្ឆាជាតិ បក្សាបក្សី សត្វគ្រប់ប្រភេទ ដែលមាននៅក្នុងតំបន់ដីសើមនេះ»។
លោក ស៊្រុន ដារិទ្ធិ លើកឡើងថា ការប្រារព្ធទិវានេះធ្វើឡើងទូទាំងពិភពលោក នៅថ្ងៃ ២ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយនៅខេត្តស្ទឹងត្រែង គឺយកទីតាំងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាតំបន់ភូមិសាស្រ្ត ដីសើមរ៉ាមសារ ដើម្បីឱ្យចំនិងគោលដៅសំរាប់ការផ្សព្វពីអត្ថប្រយោជន៍ នៃតំបន់ដីសើមផ្សព្វផ្សាយអំពីគុណតម្លៃ និងតួនាទីតំបន់ដីសើមដល់សាធារណជន ប្រជាសហគមន៍ សិស្ស និសិ្សត ហើយធ្វើយ៉ាងណាយើងត្រូវការពារតំបន់សើមឱ្យគង់វង្ស ព្រោះវាជាតំបន់អាចធ្វើកសិកម្ម តំបន់ដីសើមជាអាងស្តុកទឹកភ្លៀងបានច្រើនលើសលប់ រុក្ខជាតិក្នុងតំបន់ដីសើម វាជួយកាត់បន្ថយទឹកជំនន់ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារខ្យល់ព្យុះ ដោយកាត់បន្ថយខ្យល់បោកខ្លាំង វាជាប្រភពទឹកជាតំបន់ជីវចម្រុះ ជារមណីយដ្ឋាន និងជាកន្លែងទេសចរ ហើយក៏បានផ្តល់ផលិតផលជាច្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ក៏បានអញ្ជើញដាំដើមឈើនៅអមជុំវិញសាលាស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីនាំគ្នាថែរក្សាការពារបរិស្ថានផងដែរ៕