(រតនគិរី)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន ប្រាប់ឲ្យដឹងថា ល្បែងស៊ីសងដុះស្លែដូចជា ជល់មាន់, យូគីហែកក្រដាស់ និងអាប៉ោង កើតមានយ៉ាងពេញបន្ទុកនៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ និងភូមិបរញ៉ុក ឃុំឯកភាព ស្រុកអូរជុំ និងក្នុងឃុំកិចុង ស្រុកអណ្តូងមាស ខេត្តរតនគិរី ប៉ុន្តែមិនទាន់មានការចុះបង្ក្រាបនោះឡើយពីសមត្ថកិច្ចពាក់ព័ន្ធ។
បើតាមប្រជាពលរដ្ឋ វង់ល្បែងក្នុងភូមិសាស្ត្រខាងលើលើនេះ ក្នុងមួយថ្ងៃៗចាញ់, ឈ្នះរាប់ពាន់ដុល្លារ ធ្វើឲ្យក្រុមគ្រួសារខ្លះដែលញៀនល្បែងបង្កើតអំពើហិង្សា, បំផ្លាញទ្រព្យសម្បត្តិ, លែងលះគ្នាបែកបាក់គ្រួសារ ពោលគឺវក់ល្បែងលែងជួយរកស៊ី។
ជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៀតនោះគឺថា ជួបជុំហ្វូងមនុស្សយ៉ាងច្រើនបែបនេះជាការប្រឈមនឹងការរីករាលជំងឺកូវីដ-១៩ បើសិនមានកើតមែននោះ។
ទាក់ទិនទៅនឹងវង់ល្បែងស៊ីសងខុសច្បាប់ដោយគ្មានការបង្ក្រាបខាងលើនេះ លោក ធូ ខឿ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូរជុំ ប្រាប់ឲ្យដឹងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកបានបញ្ជាទៅមេបញ្ជាការអាវុធហត្ថ និងអធិការនគរបាលស្រុក តាំងពីមួយអាទិត្យមុនមកម្ល៉េះ តែបើពួកគាត់មិនចុះបង្ក្រាបទេនោះ គាត់នឹងដឹកនាំកម្លាំងបង្ក្រាបដោយខ្លួនឯង ពោលគឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចគាត់នោះទេ។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី បានទូរស័ព្ទចូលលោក ខេន សានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអណ្តូងមាស ដើម្បីសុំការបំភ្លឺទាក់ទិននឹងទីកន្លែងបើកល្បែងស៊ីសងនៅក្នុងឃុំកិចុង ប៉ុន្តែគាត់មិនលើកទូរស័ព្ទ៕