(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំ ក្រុមការងារចុះប្រគល់ផ្ទះ៣ខ្នង មានទំហំ ៤X៦ម៉ែត្រ ជូនពលរដ្ឋ៣គ្រួសារ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ដែលមានទីតាំង៣ផ្សេងគ្នា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជានិច្ច មិនដែលខកខាននោះទេ ដោយមិនទុក ឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារ និងមិនមានអាជ្ញាធរបានដឹងឡើយ ដោយទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីកាកបាទក្រហមចុះជួយជានិច្ច។
លោក សុខ លូ ក៏បានថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសប្បុរសជននានាដែលបានជួយជ្រោមជ្រែងផ្តល់អំណោយកាកបាទក្រហម សម្រាប់យកមកចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
លោកអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យឱ្យបានជាប់ជានិច្ច រស់នៅតាមបែបគន្លងថ្មីដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំនោះទេ ដើម្បីចូលរួមគ្នាទប់ស្កាត់នូវ ការរីករាលដាលជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតត្រូវអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ និងសូមចូលរួមគោរពចរាចរណ៍ ទាំងអស់គ្នា។
សូមបញ្ជាក់ថា សម្ភារដែលបានចែកជូនប្រជាពលរដ្ឋក្រីក្ររូមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់៕