(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីវិធានការមួយចំនួន នៅពេលមានគ្រោះ អគ្គិភ័យកើតឡើង។ កិច្ចប្រជុំនេះមានការចូលរួមពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ, លោកនាយរងការិយាល័យ, នាយផ្នែក, នាយរងផ្នែក និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានណែនាំដល់លោកនាយរងការិយាល័យ, នាយផ្នែក, នាយរងផ្នែក និងមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកឲ្យបានខ្ពស់បំផុត នៅក្នុងប្រតិបត្តិការចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ និងទទួលខុសត្រូវតាមគោលដៅរៀងៗខ្លួន ដើម្បីធានាបាននៅការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទាំងអស់។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីត្រៀមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុននេះ ដើម្បីការពារគ្រោះអគ្គិភ័យដែលអាចកើតមានឡើងដោយប្រការណាមួយ។
លោកវរសេនីយ៍ឯកបានលើកឡើងទៀតថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដែលបានចុះមកជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឲ្យបានល្អ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ថា មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់គ្នា ត្រូវតែស្លៀកពាក់ឲ្យបានត្រឹមត្រូវជាមន្ត្រីជំនាញពន្លត់អគ្គិភ័យរបស់យើង៕