(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការកោតសរសើរ និងដឹងគុណចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ បានយ៉ាងល្អដោយជាសះស្បើយជាបន្តបន្ទាប់ មិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ។
ការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបម្រើសេវាសុខភាពជូនពលរដ្ឋ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ប្រសិនបើមានហានិភ័យសុខភាពអ្វីមួយ កើតឡើងទៅលើអ្នកជំងឺកូវីដ-១៩ ពិតណាស់ក្រុមគ្រូពេទ្យយើង ពិបាកចិត្ដ តែបើឃើញស្ថានភាពគាត់ធូរស្រាល និងជាសះស្បើយ ក៏សប្បាយរីករាយជាមួយគាត់ ដូច្នេះជាការងារមួយនេះ គឺបានផ្សារភ្ជាប់ជាមួយមនោសញ្ចេតនារវាងគ្រូពេទ្យ និងអ្នកជំងឺ ដូចជាគ្រួសារតែមួយ។
កន្លងមកនេះ ក៏ឃើញហើយថា ក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ មានករណីជាសះស្បើយជាបន្ដបន្ទាប់ ដោយពុំមានការករណីស្លាប់ដោយជំងឺកូវីដ១៩នេះឡើយ។
រដ្ឋមន្ដ្រីបានថ្លែងបន្ដថា «នេះជាកាតព្វកិច្ចរបស់គូ្រពេទ្យយើង យើងត្រូវចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនជាគ្រួសាររបស់យើងអីចឹង មានន័យថា គាត់ជា យើងសប្បាយរីករាយជាមួយគាត់ បើគាត់ឈឺធ្ងន់ធ្ងរ យើងក៏ពិបាកចិត្ដជាមួយគាត់។ ដូច្នេះជាការងារមួយ ដែលផ្សារភ្ជាប់ជាមួយមនោសញ្ចេតនា រវាងគ្រូពេទ្យ និងអ្នកជំងឺ»។
លោកថ្លែងបន្ដថា «ខ្ញុំរីករាយ ដែលឃើញក្រុមគ្រូពេទ្យយើង សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ជំរុញការងារគ្នា និងចែករំលែកការងារគ្នា លើលក្ខណៈបច្ចេកទេស បានល្អណាស់ ដើម្បីសង្គ្រោះជីវិតពលរដ្ឋយើង និងជនបរទេសដែលធ្វើដំណើរ និងប្រកបកិច្ចការងារនៅកម្ពុជា ឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោមការគ្រប់គ្រង ចាត់ចែង ដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលចាត់ទុកការមើលថែ និងព្យាបាលជំងឺកូវីដ-១៩ ជាការងារចម្បង»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានជំរុញទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យជួរមុខ បន្ដខិតខំប្រឹងប្រែងបន្ថែមទៀត មិនត្រឹមតែពង្រឹងខ្លួនឯងទេ គឺត្រូវជួយបណ្ដុះបណ្ដាល ជំរុញការងារបច្ចេកទេសដល់គ្រូពេទ្យយើងដទៃ នៅតាមទីតាំងដែលមានអ្នកជំងឺកូវីដ-១៩ ដើម្បីគ្រប់គ្រងស្ថានភាពអ្នកជំងឺឱ្យមានលទ្ធផលល្អប្រសើរ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានកោតសរសើរ និងដឹងគុណចំពោះគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ និងបន្ដរួមគ្នាជម្នះ ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាគោលបំណងចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។
គួររម្លឹកថា មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យបង្គោល ក្នុងការព្យាបាលថែទាំអ្នកជំងឺកូវីដ-១៩នេះ។ កន្លងមកក្រោមការចាត់ចែង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនក្រុមគ្រូពេទ្យជំទាញខាងលើនេះ ចុះទៅជួយបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ការងារ ដល់បណ្ដាមន្ទីរពេទ្យដទៃទៀត ដើម្បីពង្រឹងប្រព័ន្ធថែទាំ និងព្យាបាលអ្នកជំងឺ ដោយមកទល់នឹងពេលនេះ គ្មានអ្នកជំងឺណាម្នាក់ ស្លាប់ដោយជំងឺកូវីដឡើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៧នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់៕